Rieng
· 2019-05-13
អាមេរិកបញ្ចុះបញ្ចូលឥណ្ឌា ឲ្យបោះបង់ប្រព័ន្ធការពារដែនអាការ S-400 របស់រុស្ស៊ី ងាកមកទិញ Patriot និង THAAD របស់អាមេរិកជំនួសវិញ
0
ក្រោយពេលបរាជ័យ ក្នុងការបញ្ចុះបញ្ចូលប្រទេសតួកគីឲ្យបោះបង់ចោលនូវកាំជ្រួចមីស៊ីលការពារដែនអាកាស S-400 របស់រុស្ស៊ី ហើយងាកមកទិញមីស៊ីលអាមេរិកជំនួសវិញនោះមក អាមេរិកបានមកបញ្ចុះបញ្ចូលឥណ្ឌា ដែលជាសម្ព័ន្ធដ៏សំខាន់របស់ខ្លួន នៅក្នុងតំបន់អាស៊ី ឲ្យបោះបង់ចោលមីស៊ីលរបស់រុស្ស៊ី ហើយងាកមកទិញមីស៊ីលការពារដែនអាកាសដ៏ទំនើបរបស់អាមេរិក ដូចជា ប្រភេទ Patriot និង THAAD ជំនួសវិញ ។
ជាមួយគ្នានេះ អាមេរិកបានព្រមានថា ប្រសិនបើឥណ្ឌានៅតែបន្តទិញមីស៊ីល S-400 ពីប្រទេសរុស្ស៊ីនោះ ឥណ្ឌាអាចនឹងទទួលរងការដាក់ទណ្ឌកម្មពីអាមេរិក តាមច្បាប់ទណ្ឌកម្ម កាលពីឆ្នាំ២០១៧ ទៅលើរុស្ស៊ី កូរ៉េខាងជើង និងអ៊ីរ៉ង់។
កាលពីខែកញ្ញា ឆ្នាំ២០១៨ ទីក្រុងវ៉ាស៊ីនតោន បានសន្យាលើកលែងទណ្ឌកម្មដល់ប្រទេសឥណ្ឌា ដែលទិញមីស៊ីលពីប្រទេសរុស្ស៊ី។ ប៉ុន្តែក្រោយពេល ឥណ្ឌាមានបំណងចុះកិច្ចព្រមព្រៀងទិញមីស៊ីល ការពារដែនអាកាស ប្រភេទ S-400 ជាច្រើនដើម ពីប្រទេសរុស្ស៊ីនោះមក ធ្វើឲ្យអាមេរិកផ្លាសប្តូរឥរិយាបថចំពោះឥណ្ឌាវិញ ។
បើគេគិតពីតម្លៃមីស៊ីលការពារដែនអាកាស ប្រភេទ THAAD របស់អាមេរិកវិញ គឺថ្លៃជាង S-400 របស់រុស្ស៊ី។ រីឯប្រព័ន្ធការពារដែនអាកាស THAAD ក្នុងមួយប្រព័ន្ធ មានជើងទម្របាញ់ផង មានតម្លៃ ៣ពាន់លានដុល្លារ។ កន្លងមក ប្រទេសអារ៉ាប៊ី សាអូឌីត បានទិញ ប្រព័ន្ធការពារដែនអាកាសប្រភេទ THAAD ពីអាមេរិក ចំនួន៤៤ ប្រព័ន្ធ ហើយក្នុងមួយប្រព័ន្ធ មាន៦ជើងទម្រ មានតម្លៃ រហូតដល់១៥ពាន់លានដុល្លារអាមេរិក។
ក្រសួងការពារជាតិឥណ្ឌា កាលពីពេលកន្លងទៅថ្មីៗនេះ បានប្រកាសពីការចំណាយថវិកា រហូតដល់៥,៤ពាន់លានដុល្លារអាមេរិក សម្រាប់ទិញប្រព័ន្ធការពារដែនអាកាស ប្រភេទ S-400 ពីប្រទេសរុស្ស៊ី ដោយប្រព័ន្ធមួយមានជើងទម្របាញ់ រហូតដល់ទៅ៨។ បើតាមកិច្ចព្រមព្រៀងនោះ រុស្ស៊ីនឹងប្រគល់ប្រព័ន្ធការពារដែនអាកាសប្រភេទ S-400 ទៅឲ្យប្រទេសឥណ្ឌា ចាប់ពីឆ្នាំ២០២០ រហូតដល់ឆ្នាំ២០២៣៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)