Yusan Entertainment
· 2ម៉ោងមុន
ទោះបីជាកីឡាបាល់ទាត់មិនសូវមានការប្រកួតផុសផុលដូចមុនក៏ដោយ ប៉ុន្តែវិស័យកីឡានៅទីនេះនៅតែដើរទៅមុខជានិច្ច ជាពិសេសតាមរយៈកីឡាប៉េតង់ ដែលកំពុងរីកដុសដាលយ៉ាងខ្លាំង។
#ប៉េតង់# #ផុសផុល# #ដាល# #កីឡា# #ទីនេះ# #បាល់ទាត់អន្តរជាតិ# #កីឡាបាល់ទាត់#
49

ជារៀងរាល់ថ្ងៃ ខ្ញុំតែងតែចូលទៅសង្កេតមើលបរិយាកាសនៅពហុកីឡដ្ឋានខេត្តកំពត មិនថាព្រឹក ឬល្ងាច ទីនេះមិនដែលស្ងប់ស្ងាត់ដូចដែលមនុស្សមួយចំនួនគិតឡើយ។ ទោះបីជាកីឡាបាល់ទាត់មិនសូវមានការប្រកួតផុសផុលដូចមុនក៏ដោយ ប៉ុន្តែវិស័យកីឡានៅទីនេះនៅតែដើរទៅមុខជានិច្ច ជាពិសេសតាមរយៈកីឡាប៉េតង់ ដែលកំពុងរីកដុសដាលយ៉ាងខ្លាំង។

អ្វីដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍គឺ មនុស្សគ្រប់វ័យបានមកជួបជុំគ្នានៅទីនេះ ដោយគ្មានការរើសអើង។ ពីយុវវ័យរហូតដល់វ័យកណ្តាល និងវ័យចាស់ សុទ្ធតែអាចលេងជាមួយគ្នាបានយ៉ាងសប្បាយរីករាយ។ ពិសេសអ្នកវ័យប្រហែល៣៥ ឆ្នាំឡើងទៅ តែងតែមកលេងធ្វើឲ្យទីលានប៉េតង់មានភាពរស់រវើកជារៀងរាល់ថ្ងៃ។ ពួកគាត់មកមិនត្រឹមតែលេងកីឡាទេ ប៉ុន្តែមកជួបមិត្តភក្តិ សន្ទនា និងបង្កើតភាពស្និទ្ធស្នាលផងដែរ។

រាល់ការប្រកួត មើលទៅសាមញ្ញ ប៉ុន្តែពោរពេញដោយបច្ចេកទេស និងយុទ្ធសាស្ត្រដែលមិនធម្មតា។ ខ្ញុំឃើញថា ស្នាដៃអ្នកលេងខ្លះ មិនចាញ់កីឡាករអាជីពឡើយ ទោះបីជាវាជាការលេងកម្សាន្តក៏ដោយ។ អ្វីដែលធ្វើឲ្យទីនេះកាន់តែរីករាយ គឺសម្លេងសើច សម្លេងឌឺដងគ្នាលក្ខណៈកីឡា សម្លេងគាំទ្រ និងអ្នកទស្សនាដែលអង្គុយមើលជុំវិញទីលាន កាន់តែធ្វើអោយមានភាពអ៊ូអរមួយកម្រិតទៀត។

ជាពិសេសនៅថ្ងៃចុងសប្តាហ៍ ទីនេះកាន់តែមានមនុស្សច្រើន ហើយពេលខ្លះក៏មានការអញ្ជើញក្រុមពីខេត្តផ្សេងៗមកប្រកួតមិត្តភាពផងដែរ។ វាមិនត្រឹមតែជាកីឡាទេ ប៉ុន្តែជាការភ្ជាប់មនុស្ស និងបង្កើតសហគមន៍កីឡាមួយដ៏កក់ក្តៅ។
សម្រាប់ខ្ញុំ ពហុកីឡដ្ឋានខេត្តកំពត មិនមែនជាកន្លែងលេងកីឡាធម្មតាទេ ប៉ុន្តែជាកន្លែងដែលបង្ហាញពីជីវិត សាមគ្គីភាព និងភាពសប្បាយរីករាយរបស់ប្រជាជនកំពត។
ខ្ញុំនឹងបន្តចែករំលែក ជូនបងប្អូនទាំងអស់គ្នា ដើម្បីឲ្យមនុស្សកាន់តែច្រើនស្គាល់ និងស្រឡាញ់កន្លែងមួយនេះដូចដែលខ្ញុំបានឃើញជារៀងរាល់ថ្ងៃ។

សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)