Yusan Entertainment
· ម្សិលមិញ
តើពហុកីឡដ្ឋានខេត្តកំពត ជាទីលានសម្រាប់កីឡា ឬជាវេទិកាសម្រាប់តន្ត្រី?
#ពហុកីឡដ្ឋាន# #តន្ត្រី# #ពានរង្វាន់# #កីឡា# #ទីលាន# #បាល់ទាត់អន្តរជាតិ# #ខេត្តកំពត#
152

គំនិតពិចារណា៖ តើពហុកីឡដ្ឋានខេត្តកំពត ជាទីលានសម្រាប់កីឡា ឬជាវេទិកាសម្រាប់តន្ត្រី?
ភាពស្ងប់ស្ងាត់ដែលគួរឱ្យព្រួយបារម្ភ
បច្ចុប្បន្ន ទីលានពហុកីឡដ្ឋានខេត្តកំពតដែលធ្លាប់តែអ៊ូអរ បែរជាប្រែមកជាស្ងប់ស្ងាត់គួរឱ្យកត់សម្គាល់។ គ្មានសូម្បីតែស្រមោលនៃព្រឹត្តិការណ៍ប្រកួតពានរង្វាន់ធំៗ ឬការប្រកួតអបអរសាទរទិវាជាតិសំខាន់ៗ ដូចជាទិវាជ័យជម្នះ ៧ មករា ឬពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឡើយ ឬសូម្បីតែពានរង្វាន់ជើងឯកថ្នាក់ខេត្ត ដែលជាឆ្អឹងខ្នងនៃវិស័យកីឡាក្នុងខេត្តកំពត ក៏ត្រូវបានខកខានមិនបានរៀបចំដែរ។

សំណួរមួយចោទសួរថា៖ «តើទីលានដ៏ស្អាតប្រណីតនេះ សាងសង់ឡើងគ្រាន់តែដើម្បីលម្អក្រុង ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្ស ឬទុកគ្រាន់តែសម្រាប់រៀបចំការប្រគំតន្ត្រី?»
វាជារឿងគួរឱ្យសោកស្តាយ ដែលនៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ជំនួសឱ្យការឃើញយុវជនហូរហែមកប្រកួតកីឡាអបអរសាទរ យើងបែរជាឃើញតែឆាកតន្ត្រីយក្សបាំងជិតទីលានទៅវិញ។ ប្រសិនបើពហុកីឡដ្ឋានក្លាយជាកន្លែងសោយសុខនៃការប្រគំតន្ត្រីរៀងរាល់ចុងសប្តាហ៍ ឬរាល់បុណ្យជាតិ ចុះចំណែកឯដង្ហើមនៃវិស័យបាល់ទាត់វិញ តើវានឹងត្រូវរីកចម្រើនទៅដោយរបៀបណា!

សព្វថ្ងៃ ទីលានបាល់ទាត់ពេលល្ងាចមានត្រឹមតែមនុស្សវ័យចំណាស់ដើរហាត់ប្រាណ និងក្រុមយុវជនមួយចំនួនតូចដែលណាត់គ្នាប្រកួតមិត្តភាពតាមលទ្ធភាព។ សូម្បីតែពានរង្វាន់តូចតាច ក៏កើតចេញពីការរៀបចំគ្នាឯងរវាងក្លឹបនិងក្លឹប ក្រុមនឹងក្រុមដើម្បីគ្រាន់តែបង្កើតបរិយាកាសឱ្យមានភាពអ៊ូអរប៉ុណ្ណោះ។

ក្នុងនាមជាអ្នកស្រឡាញ់កីឡា និងថ្នាក់ដឹកនាំក្រុមបាល់ទាត់ក្នុងខេត្ត យើងពិតជាមានបំណងប្រាថ្នាចង់ឃើញ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពត ពិនិត្យ និងដាក់ចេញនូវកម្មវិធីប្រកួតឱ្យបានផុសផុលឡើងវិញ។ ការបង្កើតពានរង្វាន់ផ្លូវការក្នុងខេត្ត មិនត្រឹមតែជាការផ្ដល់ឱកាសឱ្យយុវជនបង្ហាញសមត្ថភាព និងជៀសឆ្ងាយពីគ្រឿងញៀនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការដុតបញ្ឆេះស្មារតីកីឡាខេត្តកំពតឱ្យរស់រវើកឡើងវិញ ស្របតាមកិត្តិនាមនៃទីក្រុងដ៏ស្រស់ស្អាត និងខេត្តដែលសម្បូរធនធានកីឡាករមានគុណភាពមួយនេះ។

អត្ថបទដោយ Les Fert អង្គុយសរសេរពេលមើលការប្រកួតមួយនាពេលល្ងាច
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)