Cambo-China

· 03-17

ចិនផ្តល់ជំនួយជាសម្ភារៈនគរបាលមួយចំនួនដល់កម្ពុជាសម្រាប់រួមចំណែកដល់ប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ

#ប្រទេស​ចិន# #ប្រតិបត្តិការបង្ក្រាប# #សង្គម# #ព័ត៌មានសង្គម# #ប្រព័ន្ធអនឡាញ#

1240

លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាហៅកាត់ថា គ.ប.ឆ.ប. នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ បានរៀបចំពិធីប្រគល់-ទទួលសម្ភារៈបច្ចេកទេស ដែលផ្តល់ជូនដោយក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈស្ថានទូតចិនប្រចាំនៅកម្ពុជា សម្រាប់រួមចំណែកគាំទ្រដល់ប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រី អនុប្រធានប្រចាំការ គ.ប.ឆ.ប. និងជាប្រធានលេខាធិការដ្ឋាន គ.ប.ឆ.ប. បានមាន ថ្លែងអំណរគុណចំពោះមិត្តចិន ដែលបានផ្តល់សម្ភារសម្រាប់បម្រើឱ្យប្រតិបត្តិបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។

លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបញ្ជាក់ថា ការផ្តល់ជំនួយជាសម្ភាសនគរបាលដល់មិត្តកម្ពុជាលើកនេះគឺជាវិធានការជាក់ស្តែងមួយទៀតក្នុងការអនុវត្តតាមលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋចិន ស៊ី ជិនពីង នៅប្រទេសកម្ពុជា និងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រួមគ្នារវាងចិន-កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងការឆបោកតាមអនឡាញ។

តាមលោក វ៉ាង វិនពីន ចិនមានឆន្ទៈសហការជាមួយមិត្តកម្ពុជា ដើម្បីរួមគ្នាបោសសំអាតមហារីកនៃការឆបោកតាមអនឡាញឱ្យអស់ពីទឹកដីកម្ពុជា សំដៅការពារសន្តិសុខ សុវត្ថិភាពប្រជាជននៃប្រទេសទាំងពីរ និងបង្កបង្កើតបរិយាកាសល្អប្រសើរសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងចិន និងកម្ពុជា។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាប្ដេជ្ញាចិត្តបោសសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជានៅត្រឹមខែមេសាឆ្នាំ២០២៦ ។ សម្តេចធិបតីបានបញ្ជាក់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាព ឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយ គ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)