Cambo-China

· 02-10

កិច្ចសន្ទនារវាងរដ្ឋនិងវិស័យឯកជនកម្ពុជា-ចិន ធ្វើឡើងដើម្បីភាពប្រសើរឡើងបរិយាកាសវិនិយោគ និងការធ្វើពាណិជ្ជកម្មនៅកម្ពុជា

#កិច្ចសន្ទនា# #កម្ពុជា-ចិន# #សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#

1139

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានដឹកនាំកិច្ចសន្ទនាលើកទី១ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-ចិន ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនចិនចំនួន ៨០ មកពីសមាគម សភាពាណិជ្ជកម្មចិននៅកម្ពុជា ថ្នាក់ដឹកនាំតំណាងអន្តរក្រសួងស្ថាប័នជាសមាជិកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ថ្លែងក្នុងកម្មវិធីនាព្រឹកថ្ងៃចន្ទ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៦  ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លើកឡើងថា កិច្ចសន្ទនានេះត្រូវបានរៀបចំឡើង ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ឱកាសដល់វិនិយោគិនចិនដែលកំពុងវិនិយោគនៅកម្ពុជា អាចលើកឡើងពីបញ្ហាប្រឈមនានា ក្នុងគោលដៅស្វែងរកដំណោះស្រាយសមស្រប សំដៅពង្រឹងនិងជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងកសាងទំនុកចិត្តពីសហគមន៍ធុរកិច្ចចិន។

ឯកឧត្តមបានបន្ថែមថា កិច្ចសន្ទនានេះនឹងរៀបចំជាប្រចាំរៀងរាល់ប្រាំមួយខែម្តង ដើម្បីតាមដានការដោះស្រាយបញ្ហាប្រឈម ដោយគូសបញ្ជាក់ថាប្រទេសចិនគឺជាអ្នកវិនិយោគ និងដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជា។

ទន្ទឹមនោះ ឯកអគ្គរដ្ឋទូត លោក Wang Wenbin បានបង្ហាញសេចក្ដីសោមនស្សរីករាយចំពោះការសហការរៀបចំកិច្ចសន្ទនានេះ ក្នុងគោលដៅរួមពិនិត្យ និងពិភាក្សាអំពីការចូលរួមកែលម្អធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា ដើម្បីពង្រឹង និងពង្រីកវត្តមានសហគ្រាសចិនឱ្យមកវិនិយោគនៅកម្ពុជាបន្ថែមទៀត។ ឯកឧត្តមបានគូសបញ្ជាក់ថា កិច្ចសន្ទនានេះមានសារៈសំខាន់ព្រោះអាចជួយវិនិយោគិនដោះស្រាយឧបសគ្គនានា ខណៈដែលការវិនិយោគរបស់ចិនបានបង្កើតការងារជាង ១លានកន្លែង កំពុងចូលរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងការពង្រីកពាណិជ្ជកម្មរវាងកម្ពុជាជាមួយចិន និងបណ្តាប្រទេសផ្សេងៗទៀត។

ជាទិដ្ឋភាពរួម អង្គប្រជុំបានពិភាក្សាយ៉ាងផុសផុល និងប្រកបដោយការទទួលខុសត្រូវខ្ពស់ លើប្រធានបទមួយចំនួន ក្នុងវិស័យពន្ធដារ គយ ភស្តុភារកម្ម ថាមពល កសិកម្ម កសិ-ឧស្សាហកម្ម និងការងារ…។ល។ ដោយស្មារតីស្វែងរកដំណោះស្រាយឈ្នះឈ្នះ ដើម្បីធានាបរិយាកាសវិនិយោគដែលមានភាពសុខដុមរមនា និងមានទំនុកចិត្តសម្រាប់វិនិយោគិនចិន៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស