Cambo-China

· 11-20

សារមន្ទីរជាតិកម្ពុជារៀបចំពិព័រណ៍មិនអចិន្ត្រៃយ៍ «ចំណងប្រវត្តិសាស្ត្រ៖ ទំនាក់ទំនងខ្មែរចិនតាមរយៈវប្បធម៌និងសិល្បៈ»

#រៀបចំពិព័រណ៍មិនអចិន្ត្រៃយ៍# #សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA# #សារមន្ទីរជាតិកម្ពុជា#

1374

សារមន្ទីរជាតិកម្ពុជាបានតាំងបង្ហាញពិព័រណ៍មិនអចិន្ត្រៃយ៍ក្រោមចំណងជើងថា«ចំណងប្រវត្តិសាស្ត្រ៖ ទំនាក់ទំនងខ្មែរចិនតាមរយៈវប្បធម៌និងសិល្បៈ»។


ការតាំងពិព័រណ៍មិនអចិន្រៃ្តយ៍នេះ ធ្វើឡើងតាមរយៈកិច្ចសហការរៀបចំរវាងនាយកដ្ឋានសារមន្ទីរជាមួយបណ្ឌិតសភាបេតិកភណ្ឌចិន ដោយមានការចូលរួមពីក្រុមការងាររដ្ឋាភិបាលចិន-កម្ពុជាដើម្បីថែរក្សារមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ ក្រុមការងារស្រាវជ្រាវព្រះខ័នកំពង់ស្វាយ (ដឹកនាំដោយសាស្រ្ដាចារ្យ Mitch Hendrickson) ដោយមានការគាំទ្រពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា។

នៅសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ក៏មានពិធីសម្ពោធពិរព័រណ៍ស្តីពី "ចំណងប្រវត្តិសាស្ត្រ៖ ទំនាក់ទំនងខ្មែរ-ចិន តាមរយៈវប្បធម៌ និងសិល្បៈ នេះ នៅសារមន្ទីរជាតិកម្ពុជា ដោយមានការចូលរួមពីលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា អញ្ជើញជាអធិបតីផងដែរ។

 

គោលបំណងនៃការរៀបចំពិព័រណ៍នេះ គឺដើម្បីបង្ហាញពីវត្តមាននៃវត្ថុសិល្បៈ បច្ចេកទេសនានា និងផ្តត់គំនិតផ្សេងៗរបស់ទំនៀមទម្លាប់ប្រពៃណីជនជាតិចិននៅក្នុងសង្គមខ្មែរ និងឆ្លុះបញ្ចាំងអំពីការយល់ឃើញរបស់ប្រជាជនខ្មែរចំពោះប្រជាជនចិន។ ពិព័រណ៍នេះ ក៏នឹងបង្ហាញពីទំនាក់ទាក់ទងផ្នែកវប្បធម៌រវាងប្រជាជនទាំងពីរ ដែលបន្តឥតដាច់តាំងពីសម័យបុរាណរហូតមកដល់ពេលបច្ចុប្បន្នតាមរយៈកិច្ចសហប្រតិបត្តិការក្នុងកិច្ចការគាំពារនិងស្រាវជ្រាវអំពីវប្បធម៌ខ្មែរ។

 

ពិព័រណ៍មិនអចិន្ត្រៃយ៍ក្រោមចំណងជើងថា«ចំណងប្រវត្តិសាស្ត្រ៖ ទំនាក់ទំនងខ្មែរចិនតាមរយៈវប្បធម៌និងសិល្បៈ នឹងបើកចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលមានទីតាំងស្ថិតនៅសាលពិព័រណ៍មិនអចិន្ត្រៃយ៍ ថែវខាងត្បូងរបស់សារមន្ទីរជាតិកម្ពុជា។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស