Cambo-China

· 12-21

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា លើកទឹកចិត្តក្រុមហ៊ុនចិនឲ្យវិនិយោគនៅខេត្តប៉ែកឦសាន

#សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#

2459

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមហ៊ុន Sublime China Co.,Ltd នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា បានផ្តល់អនុសាសន៍តម្រង់ទិសដល់ក្រុមហ៊ុនចិន បន្តសហការធ្វើការជាមួយក្រសួងកសិកម្មក្នុងការងារនេះ និងបានលើកទឹកចិត្តក្នុងការវិនិយោគនៅប៉ែកឦសានរួមមានខេត្តមណ្ឌលគីរី ខេត្តរតនៈគីរី ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ។គោលបំណងនៃកិច្ចប្រជុំនេះ គឺពិនិត្យលទ្ធភាពវិនិយោគពីភាគីក្រុមហ៊ុនចិនលើការកែច្នៃដំឡូងមីដោយផ្ទាល់នៅកម្ពុជា និងស្នើការគាំទ្រពីក្រសួងកសិកម្មក្នុងការចូលរួមសហការជាមួយសហគមន៍កសិកម្ម ដើ ម្បីធានាបាននូវនិរន្តរភាពនៃការផ្គត់ផ្គង់ដំឡូងមី។

ឯកឧត្តមរដ្ឋមន្ដ្រី បានគូសបញ្ជាក់ថាពាក់ព័ន្ធនឹងដំណាំដំឡូងមី ក្រសួងកសិកម្មត្រូវការដៃគូសហការល្អក្នុងការកែច្នៃនាំចេញនូវផលិតផលសម្រេចទៅកាន់ទីផ្សារក្រៅប្រទេស ដោយទទួលទិញពីប្រជាកសិករក្នុងតម្លៃសមរម្យ មានកិច្ចសន្យាផលិតកម្មត្រឹមត្រូវ រក្សាស្ថិរភាពថ្លៃដល់កសិករ និងអនុវត្តការងារមានលក្ខណៈយូរអង្វែង។ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ដ្រី បានបញ្ជាក់បន្ថែមថាការងារនេះទាមទារឱ្យមានការសិក្សាឱ្យបានស៊ីជម្រៅ មានផែនការវិនិយោគច្បាស់លាស់ មានស្តង់ដាការងារត្រឹមត្រូវ និងអាចតភ្ជាប់ខ្សែច្រវ៉ាក់តម្លៃ ដោយមានអ្នកទទួលទិញពីកសិករ អ្នកកែច្នៃផលិតផល និងក្រុមហ៊ុនភស្តុភារកម្ម ដោយក្រសួងនឹងជួយគាំទ្រផ្នែកបច្ចេកទេស និងច្បាប់បទដ្ឋាននានាដើម្បីជួយសម្របសម្រួលឱ្យការវិនិយោគនេះមានលទ្ធផលល្អ រលូន និងជួយដល់ប្រជាកសិករបានយ៉ាងពិតប្រាកដ៕

សម្រួលអត្ថបទដោយ៖ ផល្លីកា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស