TA X2

· 04-03

សេចក្ដីស្នើច្បាប់អាពាហ៍ពិពាហ៍ភេទដូចគ្នារបស់ថៃបញ្ជូនទៅកាន់ព្រឹទ្ធសភា

#ព័ត៌មាន# #ស្រលាញ់ភេទដូចគ្នា# #អាពាហ៍ពិពាហ៍# #ព័ត៍មានអន្តរជាតិ#

4687

ព្រឹទ្ធសភាថៃនឹងពិភាក្សាដេញដោលនៅថ្ងៃអង្គារ (ទី២ ខែមេសា) នេះ លើសេចក្តីស្នើច្បាប់មួយ ដើម្បីផ្តល់ភាពស្របច្បាប់ដល់អាពាហ៍ពិពាហ៍ភេទដូចគ្នា ខណៈដែលព្រះរាជាណាចក្រមួយនេះ ធ្វើដំណើរឆ្ពោះទៅរកការក្លាយជាប្រទេសអាស៊ីអាគ្នេយ៍ដំបូងគេ ដែលទទួលស្គាល់សមភាពអាពាហ៍ពិពាហ៍។


ទោះបីជាប្រទេសថៃទទួលបានកេរ្តិ៍ឈ្មោះជាអន្តរជាតិជាយូរមកហើយ ចំពោះការអនុគ្រោះដល់សហគមន៍ LGBTQ (ស្រីស្រឡាញ់ស្រី បុរសស្រឡាញ់បុរស ខ្ទើយ អ្នកប្ដូរភេទ និងអ្នកនិយមសម្ព័ន្ធភាពភេទខុសពីធម្មតា) ប៉ុន្តែសកម្មជនបានតស៊ូអស់ជាច្រើនទសវត្សរ៍ប្រឆាំងនឹងអាកប្បកិរិយា និងតម្លៃរបស់ពួកអភិរក្សនិយម។

គួរបញ្ជាក់ថា សភាជាន់ទាបបានអនុម័តសេចក្ដីស្នើច្បាប់នេះដោយមិនមានភាពចម្រូងចម្រាសនោះឡើយ កាលពីសប្តាហ៍មុន ហើយឥឡូវនេះ សេចក្ដីព្រាងច្បាប់នេះត្រូវបានបញ្ជូនទៅព្រឹទ្ធសភាមិនជាប់ឆ្នោតរបស់ប្រទេសនេះ ដែលប្រមូលផ្តុំទៅដោយមន្ត្រីអភិរក្សនិយមដែលត្រូវបានតែងតាំងដោយរបបយោធាចុងក្រោយ។ វីដេអូចាក់ផ្សាយតាមទូរទស្សន៍សភាបានបង្ហាញឲ្យឃើញថា សម័យប្រជុំបានបើកនៅម៉ោងប្រហែល ៩:៣០នាទីព្រឹក ។

សមាជិកព្រឹទ្ធសភានឹងពិភាក្សាលើសេចក្ដីស្នើច្បាប់នេះ ពោលគឺជាប្រការទី៣ នៅលើកាលវិភាគថ្ងៃទី២ ខែមេសា ដែលកែប្រែសេចក្តីយោងចំពោះពាក្យ «បុរស» «ស្ត្រី» «ប្តី» និង «ប្រពន្ធ» នៅក្នុងច្បាប់អាពាហ៍ពិពាហ៍ទៅជាលក្ខខណ្ឌអព្យាក្រឹតយេនឌ័រ។

ការបោះឆ្នោតលើកដំបូងនឹងត្រូវធ្វើឡើងនៅយប់ថ្ងៃទី២ ខែមេសា មុនពេលច្បាប់ត្រូវបានបញ្ជូនទៅគណៈកម្មាធិការមួយដើម្បីពិចារណាបន្ថែម។ ព្រឹទ្ធសភាមិនអាចបដិសេធសេចក្ដីព្រាងច្បាប់នេះបានទេ ប៉ុន្តែស្ថាប័ននេះអាចបញ្ជូនត្រឡប់ទៅសភាជាន់ទាបវិញ ដើម្បីឲ្យមានការជជែកដេញដោលបន្ថែម ក្នុងរយៈពេល ១៨០ថ្ងៃ។ សេចក្ដីស្នើច្បាប់នេះនឹងវិលមកវិញ ដើម្បីឲ្យព្រឹទ្ធសភាបោះឆ្នោត ២ដងទៀត ដោយការបោះឆ្នោតបន្ទាប់ប្រហែលជាមិនកើតឡើងឆាប់ៗរហូតដល់ខែកក្កដា។

ពាក់ព័ន្ធនឹងច្បាប់នេះ អ្នកស្រី Paulie Nataya Paomephan ដែលបានគ្រងមកុដបវរកញ្ញា Trans Thailand (បវរកញ្ញាអ្នកប្ដូរភេទរបស់ថៃ) ឆ្នាំ២០២៣ បាននិយាយថា រហូតមកដល់ពេលនេះ នាងមិនធ្លាប់ស្រមៃថា អ្នកប្ដូរភេទអាចរៀបការជាមួយគ្នាដោយស្របច្បាប់នៅប្រទេសថៃនោះឡើយ៕

https://www.france24.com/en/asia-pacific/20240402-thai-same-sex-marriage-bill-sails-through-first-reading-in-senate

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)