TA X2

· 03-08

ស្ត្រីទី១ របស់អ៊ុយក្រែនបដិសេធការអញ្ជើញទៅថ្លែងសន្ទរកថាទៅកាន់ប្រជាជាតិអាមេរិករបស់លោក Biden

#អ៊ុយក្រែន# #ព័ត៌មាន# #Olena Zelenska# #ព័ត៍មានអន្តរជាតិ#

4839

ការិយាល័យរបស់លោកស្រី Olena Zelenska បានឲ្យដឹងថា ស្ត្រីទី១របស់ប្រទេសអ៊ុយក្រែនរូបនេះ បានបដិសេធការអញ្ជើញរបស់សេតវិមាន ដើម្បីឲ្យទៅចូលរួមសេចក្តីថ្លែងការណ៍ទៅកាន់ប្រជាជាតិអាមេរិករបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នៅថ្ងៃព្រហស្បតិ៍ (ទី៧ ខែមីនា) ដោយលើកហេតុផលពីការមានកាលវិភាគជាន់គ្នានឹងព្រឹត្តិការណ៍ផ្សេង។


អ្នកស្រី Tetiana Haiduchenko មន្ត្រីព័ត៌មានរបស់លោកស្រី Zelenska កាលពីថ្ងៃពុធ (ទី៦ ខែមីនា) បាននិយាយថា៖ «ដោយសារតែមានព្រឹត្តិការណ៍គ្រោងទុកជាច្រើន ក្នុងនោះរួមទាំងដំណើរទស្សនកិច្ចរបស់កុមារពីមណ្ឌលកុមារកំព្រាទៅកាន់ទីក្រុងគីវដែលត្រូវបានគ្រោងទុកជាមុនផងដែរនោះ ស្ត្រីទី១រូបនេះ នឹងមិនអាចចូលរួមព្រឹត្តិការណ៍នេះបានទេ»។ 

ជាមួយគ្នានេះ សេតវិមានបានបញ្ជាក់កាលពីថ្ងៃទី៥ ខែមីនាថា លោកស្រី Yulia Navalnaya ដែលជាភរិយាមេម៉ាយរបស់សពមេដឹកនាំប្រឆាំងរុស្ស៊ី លោក Alexei Navalny ដែលបានស្លាប់នៅក្នុងពន្ធនាគាររុស្ស៊ី កាលពីខែកុម្ភៈ ក៏ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងការថ្លែងសុន្ទរកថានេះដែរ ប៉ុន្តែមិនអាចចូលរួមបាននោះឡើយ។

ការអញ្ជើញទៅកាន់លោកស្រី Zelenska និងការណ៍ដែលលោកស្រីមិនអាចចូលរួមបាន ត្រូវបានរាយការណ៍នៅល្ងាចថ្ងៃទី៥ ខែមីនា ដោយសារព័ត៌មាន Washington Post។

បើយោងតាមមនុស្សដែលដឹងពីផែនការសម្រាប់ការថ្លែងសុន្ទរកថានេះ បានឲ្យដឹងថា សេតវិមានសង្ឃឹមថា ស្ត្រីទាំង ២រូបនេះ នឹងបានចូលរួមក្នុងការថ្លែងសុន្ទរកថាដែលជាការបង្ហាញពីការតស៊ូ ដើម្បីសេរីភាព និងបង្ហាញពីការតស៊ូប្រឆាំងនឹងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin៕



https://www.yahoo.com/news/ukraines-first-lady-turns-down-181128894.html

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)