Knongsrok

· 01-31

ផ្អែមល្ហែមល្អូកល្អើន កុំបង្ហោះបង្អួតគេពេក ឯរឿងឈ្លោះប្រកែកប្ដីប្រពន្ធ ក៏រឹតតែកុំបង្ហោះឱ្យអ្នកដទៃដឹង ជីវិតប្ដីប្រពន្ធ គួរតែរក្សាអាថ៌កំបាំងខ្លះក៏ល្អដែរ

#ចំណេះដឹង# #ទំនាក់ទំនងស្នេហា# #ស្នេហា#

4086

ធម្មតាទេ មនុស្សយើងតែងតែចង់ឱ្យគេឯងបានដឹងថា ប្ដីប្រពន្ធខ្លួនស្រឡាញ់គ្នាប៉ុនណា ល្អនឹងគ្នាកម្រិតណា ជាពិសេសគឺមនុស្សស្រី តែងតែចង់ឱ្យអ្នកដទៃបានដឹងថា នាងជាមនុស្សស្រីមានសំណាង បានប្ដីល្អ ចេះស្រឡាញ់ថ្នាក់ថ្នម ចេះយល់ចិត្ត ចេះគិតគូរពីនាង។

ប៉ុន្តែ ពេលខ្លះ ការដែលយើងបង្អួត បង្ហាញខ្លាំងពេក វាអាចនឹងជាបញ្ហាទៅវិញទេ ការបង្អួតជ្រុលហួសហេតុ វាប្រៀបដូចជាការប្រឹងសម្ដែង ឱ្យគេបានដឹង ចង់ឱ្យគេច្រណែន តែតាមធាតុពិត ឈ្លោះគ្នាចង់រាល់ថ្ងៃ មួយថ្ងៃ សឹងតែ២៤ម៉ោងទៅហើយ ប៉ុន្តែក្នុងហ្វេសប៊ុគ ប្រឹងសម្ដែងបង្អួតគេ ប្ដីដូចប្រពន្ធ ប្រពន្ធក៏ដូចប្ដី បែបហ្នឹង វាដូចជាសម្ដែងហួសហេតុ វានាំឱ្យគេជ្រេញទៅវិញទេ។

ចំណែកអ្នកខ្លះទៀត ផ្អែមល្ហែមក៏អួត ល្អូកល្អើនក៏អួត អួតផ្អើលអស់គេឯងហើយ ដល់ពេលឈ្លោះគ្នា ក៏ផុសឱ្យគេឯងបានដឹងទៀត សួរថា ធ្វើបែបហ្នឹងដើម្បីអ្វី? សួរថា បានអីមកវិញ? វាអត់មានអីចំណេញទាលល់តែសោះបង្អួតគេ បង្ហោះហែកហួរគ្នា នាំឱ្យគេសើចចំអក ឡកលើយទៅវិញទេ។

ជីវិតប្ដីប្រពន្ធ ស្រឡាញ់គ្នា ឬមិនស្រឡាញ់គ្នា ល្អនឹងគ្នា ឬល្អក់កករនឹងគ្នា គួរតែរក្សាទុកតែប្ដីប្រពន្ធទៅបានហើយ មុននឹងក្រោយគេគង់តែដឹងទេ សំខាន់ដៃគូត្រូវតែចេះរក្សាភាពថ្លៃថ្នូរ។ កុំភ្លេចថា ក្លិន មិនថាក្រអូប ឬស្អុយទេ គង់តែភាយចេញទៅក្រៅ ឱ្យគេបានដឹង តែការដែលយើងប្រឹងបង្ហាញឱ្យគេបានដឹងជាមុន វានឹងបាត់បង់សេចក្ដីថ្លៃថ្នូរ។

ភាពផ្អែមល្ហែម ល្អល្អូកល្អើន បង្ហាញឱ្យគេឃើញម្ដងម្កាលបានហើយ កុំឱ្យគេជ្រេញ គេស្គេញ និយាយរួមទៅ ផ្អែមពេក បង្អួតគេពេក ខ្លាចតែម្យ៉ាងគឺ មិនបានយូរ ព្រោះអ្នកដែលចូលចិត្តបង្អួតបែបហ្នឹងរាល់ថ្ងៃ ភាគច្រើនគឺ ប្រឹងសម្ដែងខុសពស្ថានភាពពិត នៃជីវិតរបស់ខ្លួនឯង៕

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស