Knongsrok

· 01-13

មិត្តល្អ! មិនប្រកាន់ក្រ ឬមាន នៅលីវ មានប្ដី ឬមេម៉ាយ ជិត ឬឆ្ងាយទេ សំខាន់នៅតែបន្តរាប់អានគ្នាស្មោះ មិនបោះបង់គ្នា

#ចំណេះដឹង# #មិត្តល្អ# #ស្នេហា#

4281

គេថា ឱ្យតែមានលុយ មិនខ្វះទេអ្នកស្គាល់ រាប់អានយើង តែត្រូវដឹងថា បើអ្នកមានលុយ អ្នកមានប្រយោជន៍ អ្នកក៏មិនអាចរកឃើញមិត្តល្អពិតប្រាកដបានដែរ ព្រោះតែលុយ ព្រោះតែផលប្រយោជន៍ទេ ទើបគេមកស្គាល់អ្នកនោះ។ ប៉ុន្តែ អ្នកនឹងមើលឃើញមិត្តល្អពិតប្រាកដ នៅពេលដែលអ្នកមានការ មានធុរៈ ឬកំពុងជួបទុក្ខលំបាក នឹងមានមិត្តប៉ុន្មាននាក់ប៉ុណ្ណោះ ដែលមិនបោះបង់អ្នកចោល។

ដូចពាក្យចាស់តែងពោលថា " ពេលមានទុក្ខ ទើបដឹងចិត្តមិត្តល្អ ពេលធ្លាក់ខ្លួនក្រ ទើបដឹងចិត្តភរិយាស្មោះ " មិនខុសទេ មិត្តល្អពិតប្រាកដ មិនដែលរត់ចោលយើង ក្នុងគ្រាដែលយើងមានទុក្ខជួបបញ្ហានោះឡើយ គេតែងតែនៅក្បែរ ទោះមិនបានជួយអ្វីច្រើន តែគេនៅតែជាកម្លាំងចិត្ត និងផ្ដល់គំនិត រកច្រកចេញឱ្យយើងជានិច្ច។

ជាពិសេស គឺមិត្តដែលស្គាល់គ្នាតាំងពីក្មេងៗមក ក៏រឹតតែមិនងាយរកបានទៅទៀត គេហៅថា មិត្តជំនាន់៧៩នោះអី កម្រណាស់ ដែលមានមិត្តស្គាល់គ្នាតាំងពីក្មេងៗ ឬធ្លាប់រៀនជាមួយគ្នា នៅតែរាប់អានគ្នាជាក្រុមតែមួយ មិនថាបែកគ្នាទៅឆ្ងាយយ៉ាងណា ទោះឃ្លាតឆ្ងាយពីគ្នាច្រើនឆ្នាំយ៉ាងណា ទោះមានអ្នកឡើងក្លាយជាមន្ត្រី ឧកញ៉ា មហាសេដ្ឋី អ្នកមាន អ្នកជំនួញក៏ដោយ ទោះមានប្ដី មានប្រពន្ធ មានកូន ឬនៅលីវ ក្លាយជាមេម៉ាយ ពោះមេម៉ាយក៏ដោយ ក៏នៅតែរាប់អានគ្នាដោយស្មោះ ទៅមក ហៅរកគ្នា មានពេលជួបជុំគ្នាយូរៗម្ដង រឹតតែពិបាករកទៅទៀត មិត្តបែបនេះ។

ដូចដែលដឹងហើយថា មនុស្សឥឡូវ ទាល់តែយើងមានទ្រព្យ មុខមាត់ ហំហាន ហ៊ឺហា ទើបគេមកស្គាល់ រាប់អានយើង តែបើយើងក្រ យើងគ្មានអ្វីសោះ ឬជីវិតគ្រួសារបែកបាក់ ឬគ្មានអ្នកណាយក គេរឹតតែមើលងាយ រើសអើងយើងទៅវិញ។ តែយ៉ាងណាក្ដី ប្រភេទមនុស្សបែបហ្នឹង សម្លឹងតែប្រយោជន៍ រាប់តែលុយកាក់ ទ្រព្យសម្បត្តិអ៊ីចឹង មិនបាច់ស្គាល់ រាប់អានគ្នា ក៏មិនអីដែរ គ្មានគេជាមិត្តយើងក៏មិនស្លាប់ យើងរាប់តែអ្នកណាល្អចិត្ត ថ្លាគំនិត និងគេចង់រាប់អានយើងដោយស្មោះទៅបានហើយ៕

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស