រឿងនិទានខ្មោចពិត

· 2023-12-26

រឿងខ្មោចទំនប់ទឹក

#រឿងនិទាន និងប្រលោមលោក# #រឿងនិទានខ្មោច# #កម្សាន្ត#

4764


រឿងនេះកន្លងទៅក្នុងឆ្នាំ២០២២ថ្មីៗទេ កាលណោះ ខ្ញុំបាន​ចុះ​បំពេញ​បេសកកម្ម​ដោយ​ជិះម៉ូតូ​ម្នាក់​ឯង​ ទៅ​តាមស្រុក ។ ខ្ញុំបានធ្វើដំណើរឆ្លងកាត់​ទំនប់ទឹកធំមួយ ជាកន្លែងដែល​ខ្ញុំ​តែង​តែឆ្លងកាត់​ឲ្យ​តែទៅកាន់ស្រុកនោះ ប៉ុន្ដែថ្ងៃនេះហាក់បីដូចជាចម្លែកណាស់ ព្រោះរាល់​ដង​ពេល​ខ្ញុំ​ជិះកាត់​មិនដែល​ឃើញ​មាន​លក់តែបៃតងអីទេ ខ្ញុំក៏គិតថា គេទើបមកលក់ទេដឹង? មិនបង្អាក់ពេលវេលា​ ខ្ញុំបន្ដទៅបំពេញ​បេសកកម្មរហូតរួចរាល់ ទើបត្រលប់មកវិញ ។​ ពេលធ្វើដំណើរ​តាមផ្លូវ​មេឃស្រាប់តែក្ដៅខ្លាំងចម្លែក ខ្ញុំក៏សម្រេចចិត្តឈប់សម្រាកនៅ​ទីតាំងទំនប់ទឹក​នោះ ពេលសម្រាកបានមួយស្របក់ ក៏ចាប់អារម្មណ៍​តូបលក់​តែបៃតង ម្យ៉ាងស្រេកទឹកផង​ ក៏ទៅទិញហូប ប៉ុន្ដែអ្វីដែលកាន់តែចម្លែក ស្រាប់តែមេឃប្រែជាខ្មៅភ្លាមៗ ដូចបម្រុងភ្លៀងធំអ៊ីចឹង ខ្យល់ក៏ខ្លាំងទៀត ពេលខ្ញុំទៅដល់តូបលក់ ខំមើលទៅអ្នកលក់ គាត់ជានារីអាយុប្រមាណជា២០​ឆ្នាំ កម្ពស់ល្មម ស្លៀកខោខូវប៊យរឹបរាង និងពាក់អាវយឺតពណ៌ស មានលាយរូបផ្កាលឿងបន្ដិច​ ។ ខ្ញុំក៏សន្ទនាជាមួយគាត់ខ្លះ៖

-      សួស្ដីចែៗ (ខ្ញុំចូលចិត្តហៅស្រីៗអ៊ីចឹង)

-      ចាស! ចង់ញ៉ាំអីដែរបង?

-      ចែមានលក់កាហ្វេទេ

-      មានតើបង !

-      ប៉ុន្ដែខ្ញុំមិនចេះហូបកាហ្វេដាក់ដូងក្រអូបទេ ឥលូវខ្ញុំយកបាកាស១វិញ

-      ចាស

ខ្ញុំបានគាស់បាកាសរួចផឹកបណ្ដើរ និង​បាន​សាកសួរបណ្ដើរ ព្រោះខ្ញុំប្លែកចិត្តឃើញគាត់មកលក់ម្នាក់ឯងនៅតាមផ្លូវ ស្ងាត់ក៏ស្ងាត់ កំពុងតែសួរនាំស្រាប់តែខ្ញុំឮសម្លេងមនុស្សស្រីស្រែកឲ្យជួយ៖

-      ជួយផងៗ

ខ្ញុំក៏រេក្រសែភ្នែកទៅតាមសម្លេង ស្រាប់តែឃើញចែអ្នកលក់ហ្នឹងកំពុង​តែលង់ទឹកទំនប់​ ខ្ញុំក៏រាងភ្ញាក់ព្រើត ហ៎ាក! ម៉េចក៏ចែហ្នឹង ទៅលង់ទឹកវិញ ក្រែងនៅលក់ឲ្យ​ខ្ញុំតើ ភ្លាមៗ ខ្ញុំមិនបានគិតច្រើន ក៏ស្ទុះទៅជួយ តែជាអកុសល ខ្ញុំជាមនុស្សមិនចេះហែលទឹក ខ្ញុំមិនហ៊ានលោតទៅជួយទេ បានត្រឹមតែរក​ឈើវែង ដើម្បីដាក់ឲ្យគាត់តោង ប៉ុន្ដែមិនបានផលសោះ ព្រោះទឹកទំនប់ហូរខ្លាំង ហើយជ្រៅទៀត ខ្ញុំក៏រត់ទៅរកម៉ូតូជិះទៅផ្ទះគេក្បែរនោះ ដើម្បីជួយគ្នា ប៉ុន្ដែខ្ញុំមិនទាន់បាន​ជិះម៉ូតូផង ស្រាប់តែខ្យល់ក៏បក់យ៉ាងខ្លាំង មេឃខ្មៅលើសដើម ហើយ ស្រាប់តែប្រែងងឹតឈឹង សឹងតែមើលអ្វីមិនយល់ ខ្ញុំក៏មានអារម្មណ៍ភ័យខ្លះដែរ ប៉ុន្ដែខ្ញុំព្យាយាមតាំងចិត្តឲ្យរឹងមាំ ព្រោះខ្លាចមានរឿងអ្វីមិនល្អ ខ្ញុំព្យាយាមស្រវាលើកម៉ូតូហើយបញ្ឆេះ តែវាមិនឆេះសោះ ខ្ញុំក៏​មាន​អារម្មណ៍ដឹង មានរឿងអ្វីហើយ ខ្ញុំក៏មើលទៅចែលក់ ស្រាប់តែបាត់គាត់ឈឹង តូបក៏បាត់ទៀត ខ្ញុំដឹងយ៉ាងច្បាស់ថា ខ្មោចលងប្រាកដ ខ្ញុំក្រលេកមើលទៅបាកាសខ្ញុំ ស្រាប់តែក្លាយជា​ដបទឹកសុទ្ធទទេ នោះ! យ៉ាងម៉េចយ៉ាងម៉ាទេខ្ញុំ ។

ខ្យល់បក់កាន់តែខ្លាំង ស្របនឹងសម្លេងថ្ងូរសន្សឹមៗ មកក្បែរត្រចៀកខ្ញុំ ខ្ញុំក៏រេភ្នែកខំបើក​ភ្នែកសម្លឹង​តាម​សម្លេងនោះ ស្រាប់តែឃើញ​សក់យ៉ាងវែងទម្លាក់គ្របមកលើក្បាលខ្ញុំ ខ្ញុំមិន​អាច​រើទៅណារួចទេ ហាក់ដូចជាមានអ្វី​ចាប់ជើងជាប់ ពេលនោះ ខ្ញុំទាល់តម្រិះ ក៏ព្យាយាម​តាំង​ចិត្ត​ឲ្យ​មាំ ហើយក៏នឹក​ដល់គុណមាតាបិតា គុណបាអាចារ្យ គុណព្រះរតនៈត្រៃ ដោយទន្ទេញជាប់មាត់​ថា​ មាតាគុណំ បិតាគុណំ ព្រះពុទ្ធគុណំ ព្រះធម៌គុណំ ព្រះសង្ឃគុណំ ដោយអំណាច​នៃសេចក្ដីល្អ ដោយអំណាចនៃព្រះពុទ្ធព្រះធម៌ព្រះសង្ឃ សូមជួយឲ្យខ្ញុំ​បាន​រួច​ពីទុក្ខមួយ​នេះផង ។

         ក្រោយ​ពី​ឧទ្ទិសរួច​ ស្រាប់​តែមេឃស្ងប់​ខ្យល់​ ក៏បាត់​សក់នោះដែរ ហើយមេឃក៏​ចាប់ផ្ដើមស្រឡះមកធម្មតាវិញ​ ពេលនោះទើបខ្ញុំដឹងថា តាមពិតខ្ញុំមិនមែននៅជិតម៉ូតូឯណា ខ្ញុំស្ទើរតែធ្លាក់ចូលទៅក្នុង​ទំនប់បាត់ទៅហើយ ភ្លាមៗនោះ ខ្ញុំបានពូម្នាក់បើកគោយន្ដមកតាមផ្លូវក៏ស្រែកហៅគាត់ឲ្យជួយ សំណាងល្អណាស់ដែលគាត់បានឮ និងបានចុះមកជួយទាញខ្ញុំឡើងទៅលើវិញ គាត់សួរនាំខ្ញុំ ខ្ញុំបានរៀបរាប់តាមហេតុការណ៍ដែលបាន​ប្រាប់ គាត់ថាឲ្យ​ប្រយ័ត្ន​ប្រយែង ព្រោះអ្នកនៅម្ដុំនេះ នរណាក៏ធ្លាប់ជួប ធ្លាប់ឃើញដែរ ។ តាំងពីពេលនោះមក គ្រប់កន្លែង​ដែលខ្ញុំទៅដល់ ឲ្យ​ឃើញស្ថានភាព​មិនស្រួល ខ្ញុំនឹងចាកចេញ ឬទៅរកកន្លែងដែលមាន​មនុស្សកុះករភ្លាមៗ ។

ចូលទៅកាន់តេឡេក្រាម

ប្លក់

ហ្វេសប៊ុកផេក


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)