Knongsrok

· 2023-09-25

សម្រាប់អ្នក តើស្នេហាមានអត្ថន័យបែបណា? តស់! មកដឹងអំពីអត្ថន័យនៃស្នេហាទាំងអស់គ្នា

#ចំណេះដឹង# #អត្ថន័យនៃស្នេហា# #ស្នេហា#

1831

និយាយដល់ពាក្យថាស្នេហា ចំពោះក្មេងៗ គឺមិនមែនជារឿងដែលល្អឡើយ មិនយល់ពីអត្ថន័យនៃស្នេហាច្បាស់ ក្មេងៗ ឬយុវវ័យមួយចំនួន អាចនឹងយកទៅប្រើក្នុងន័យមិនល្អ ឬក៏បង្កជាហេតុ នាំឱ្យមានវិប្បដិសារីក្នុងជីវិតក៏ថាបានដែរ។ ប៉ុន្តែសម្រាប់មនុស្សធំដឹងក្ដីដូចយើងក្នុងពេលនេះ យើងក៏គួរតែយល់ច្បាស់ហើយថា ស្នេហា មានអត្ថន័យបែបណា?

អត្ថន័យនៃស្នេហា គឺស្ថិតទៅលើការយល់ឃើញទៅតាមគំនិតនៃបុគ្គលម្នាក់ៗ ស្នេហា មិនមានអត្ថន័យជាក់លាក់ណាមួយច្បាស់លាស់ឡើយ។ យ៉ាងណាមិញ ៥ ចំណុចនេះ ជាអត្ថន័យនៃស្នេហា ដែលបានមកពីប្រិយមិត្តមួយចំនួន ដែលគាត់មានស្នេហាបានផ្ដល់ហើយ ៖

១. ស្នេហា ធ្វើឱ្យមនុស្សចេះលះបង់ និងផ្ដល់ឱ្យ

ស្នេហា គឺជាការស្រឡាញ់ ហើយការស្រឡាញ់ គឺជាការលះបង់ ស្រឡាញ់មនុស្សម្នាក់ គឺត្រូវលះបង់ និងផ្ដល់ឱ្គេគ្រប់បែបយ៉ាង ដើម្បីស្នាមញញឹម និងក្ដីសុខ ព្រមទាំងអនាគតមួយដ៏ល្អសម្រាប់គេដែរ។ ស្រឡាញ់មនុស្សម្នាក់ មិនចាំបាច់ថាត្រូវទទួលបានអ្វីពីគេមកវិញទេ ត្រឹមតែយើងអាចផ្ដល់នូវគ្រប់យ៉ាងសម្រាប់គេ វាជាការគ្រប់គ្រាន់ទៅហើយ។ ពេលខ្លះ ទោះមិនអាចបានរួមរស់ ឬបន្តអនាគតជាមួយគេក៏ដោយ ក៏យើងនៅតែពេញចិត្ត ដ្បិតអាចបានឃើញគេមានក្ដីសុខ និងមានគ្រប់យ៉ាងនៅក្នុងជីវិត។

២. ស្នេហា ធ្វើឱ្យមនុស្សចេះថែរក្សាគ្នា

ជាការពិតណាស់ មនុស្សស្រឡាញ់គ្នា គឺទាមទារឱ្យមានការមើលថែរក្សាគ្នាទៅវិញទៅមក ក្ដីប្រាថ្នារបស់មនុស្សយើងម្នាក់ៗ គឺតែងចង់មានអ្នកមើលថែរក្សានៅក្នុងជីវិត ពីក្មេង រហូតដល់ចាស់រៀងៗខ្លួន យ៉ាងណា ស្នេហា ការចេះថែរក្សា ការពារគ្នា គឺជាងារម្មណ៍មួយដ៏កក់ក្ដៅ ក្រៅពីឪពុកម្ដាយ សាច់ញាតិ ក្រុមគ្រួសារយើង គឺយើងតែងចង់មានមនុស្សម្នាក់ចូលមករួមដំណើរជីវិត មានគេមើលថែយើងជំនួសឪពុកម្ដាយយើង ហើយយើងក៏មើលថែគេ បំពេញតួនាទីល្អចំពោះគ្នា នេះជាអារម្មណ៍ស្នេហាមួយដែលពោរពេញទៅដោយគំនិតចាស់ទុំ និងត្រជាក់ត្រជុំខ្លាំងណាស់។

៣. ស្នេហា ធ្វើឱ្យមនុស្សចេះអភិវឌ្ឍខ្លួន

នៅពេលដែលយើងមានមនុស្សដែលយើងស្រឡាញ់ យើងតែងគិតដល់ចំណុចមួយគឺ អនាគតដ៏ល្អ ដូច្នេះអ្វីដែលយើងត្រូវធ្វើគឺ ការអភិវឌ្ឍខ្លួនឯងឱ្យមានការរីកចម្រើនល្អជាងមុន ទាំងការសិក្សា ការងារ និងចិត្តគំនិតទៀតសោត។ មនុស្សយើងមិនអាចនៅតែបែបហ្នឹង ឬនៅតែប៉ុណ្ណឹងបានឡើយ ព្រោះយើងត្រូវមានគ្រួសារ យើងត្រូវរ៉ាប់រងលើជីវិតគ្រួសាររបស់យើង ដូចនេះ ត្រូវចេះផ្លាស់ប្ដូរលើចិត្តគំនិត និងជីវិតខ្លួនឯង។ ម្យ៉ាងវិញទៀត ស្រឡាញ់មនុស្សម្នាក់ពិតប្រាកដ យើងនឹងដឹងថា តើយើងគួរធ្វើបែបណា គួរកែប្រេអ្វីខ្លះ ពេលដែលអ្នកបានជួបមនុស្សដែលច្បាស់លាស់ក្នុងជីវិត នោះអ្នកនឹងចេះអភិវឌ្ឍខ្លួនឯងជាចាំបាច់។

៤. ស្នេហា ធ្វើឱ្យមនុស្សចាស់ទុំជាងមុន

រឿងស្នេហា បើនិយាយចំពោះក្មេងៗ គឺមិនល្អទេ ព្រោះក្មេងមិនសូវចេះគិតអ្វីឱ្យបានល្អិតល្អន់ឡើយ តែនៅពេលដែលមនុស្សម្នាក់ចេះមានស្នេហាហើយ គេបានជួបមនុស្សដែលគេស្រឡាញ់ពេញចិត្តពិតប្រាដកហើយ ស្នេហានឹងធ្វើឱ្យគេក្លាយជាមនុស្សចាស់ទុំ ចេះគិតជាងមុន ចេះចង់មានចង់បាន នេះហើយដែលគេហៅថា ស្នេហា បង្រៀនឱ្យមនុស្សមានគំនិតចាស់ទុំ។ នៅពេលមនុស្សម្នាក់មានស្នេហា គេនឹងចេះគិតដល់ថ្ងៃអនាគត គេប្រាកដជាចេះពង្រឹងនូវស្មារតីរបស់គេ ចេះតស៊ូក្នុងជីវិត ចេះអត់ធ្មត់សង្កត់ចិត្ត លះបង់ការសប្បាយភ្លើតភ្លើនភ្លេចខ្លួន ចេះអត់ឱនអភ័យទោស ចេះដឹងខុស ស្គាល់ត្រូវ ល្អអាក្រក់ ក្លាយជាមនុស្សម្នាក់ដែលផ្ទុយស្រឡះពីខ្លួនគេកាលពីមុន។

៥. ស្នេហា បង្រៀនឱ្យមនុស្សចេះប្រឈមមុខ

ជីវិត តេងមានរឿងជាច្រើនដើម្បីឱ្យយើងប្រឈមមុខ តែមនុស្សមួយចំនួន តែងតែខ្លាចរអា ខ្លាចនឹងការប្រឈមមុខទៅវិញ ប៉ុន្តែ បើដល់ពេលមួយ ពេលដែលមនុស្សម្នាក់បានជួបមនុស្សដែលគេស្រឡាញ់ពេញចិត្ត គេនឹងក្លាហានហ៊ានប្រឈមមុខនឹងរឿងគ្រប់យ៉ាង មិនថាល្អ ឬអាក្រក់ទេ ក៏គេមិនគេចវេស ជាពិសេសគឺ ប្រឈមមុខនឹងមនុស្សដែលគេស្រឡាញ់ ទោះម្នាក់នោះមិនស្រឡាញ់គេ ក៏គេនៅតែអាចប្រឈមមុខទទូលយកការពិត ហើយបើកចិត្តទូលាយថេមទៀតផង។

អំណាយនៃសេចក្ដីស្នេហា ពិតជាធំទូលាយ និងថ្លៃថ្លាណាស់ អត្ថន័យនៃស្នេហា ក៏រឹតតែធំធេង ដែលមិនអាចនឹងពណ៌នាបានច្បាស់នោះដែរ មានតែអ្នកមានស្នេហាពិតទេ ទើបយល់ថា ស្នេហា មានថាមពល និងមានតម្លៃខ្លាំងកម្រិតណា។ ចុះសម្រាប់ប្រិយមិត្តទាំងអស់ តើស្នេហា មានអត្ថន័យបែបណាដែរ?

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស