Knongsrok

· 2023-08-31

រឿងដែលនឹកស្មានមិនដល់ នៅក្នុងប្រវត្តិនៃការកកើត នំបញ្ចុកខ្មែរ!

#ចំណេះដឹង# #ប្រវត្តិសាស្ត្រ# #នំបញ្ចុកខ្មែរ#

9247

តាមរយៈអក្សរសិល្ប៍ដ៏ល្បីល្បាញរបស់ខ្មែរ រឿង «ធនញ្ជ័យ» បានឲ្យយើងដឹងថា «នំបញ្ចុក» មានដើមកំណើតយូរយារណាស់មកហើយនៅលើទឹកដីកម្ពុជា និងថែមជាឫសគល់នៃដើមកំណើតរបស់ «គុយទាវ» ចិនផង។ ប៉ុន្តែចម្លែកដែលប្រទេសថៃហៅនំនេះថា ขนมจีน (ខៈណុមជីន) ដែលមានន័យថា នំរបស់ជនជាតិចិន ខណៈដែលប្រទេសលាវហៅថា ເຂົາປຸ້ນ(ខោពុន) ដែលប្រហែលជាមានន័យថា នំដែលទទួលទានហើយធ្វើឲ្យហើមពោះ(?)។ ខាងក្រោម គឺជាតំណាលកថាប្រជាប្រិយមួយទៀត ដែលប្រាប់ពីហេតុផល ហេតុអ្វីខ្មែរយើងហៅនំនេះថា «នំបញ្ចុក»។

# ប្រវត្តិនំបញ្ចុក

មានសេចក្តីដំណាលថា នៅនគរធារាធិបតី (សព្វថ្ងៃជាតំបន់ទន្លេសាប) មានអ្នកស្រែពីរនាក់ប្តីប្រពន្ធ ធ្វើស្រែស្រូវវារ ព្រោះគាត់រស់នៅតំបន់ទឹកលិច មិនអាចដាំដំណាំស្រូវល្អ ដូចគេដទៃទៀត បាន។ ស្រូវវារ ជាស្រូវ ដែលផ្តល់អង្ករបាយរឹង មានពណ៌ក្រហមទ្រង់ផ្កាឈូកបន្តិច ពេលបុកសម្រិតរួចហើយ។ ដោយសារអង្ករនោះ រឹងពេក ដាំបាយ ឆីមិនសូវឆ្ងាញ់ទេ អ្នកស្រែក៏បែកគំនិតធ្វើជានំ អោយទន់បន្តិច ដើម្បី បរិភោគ ណាមួយ នៅតំបន់ដែលគាត់រស់នៅ សំបូរត្រីផង ទើបនាំគ្នា បង់ត្រីធ្វើប្រហុក ធ្វើត្រីឆ្អើរទុក។ ម៉្យាងទៀត អង្ករស្រូវវារ អាចធ្វើជានំបញ្ចុក បានល្អ ហើយច្រើនជាងអង្ករស្រូវស្រែធម្មតា។

ថ្ងៃមួយ នារដូវប្រាំង ទំនេរពីការងារនៅស្រែ អ្នកស្រែជាប្រពន្ធ បានបុកអង្ករស្រូវវារ ធ្វើជានំសរសៃស ចាប់ជាចង្វាយ ស្រូបដោយទឹកសម្លប្រហើរត្រីឆ្អើរ ដាក់ប្រហុក ខ្ទិះដូង ថែមល្បោយបន្លែ ដែលគាត់បេះបាននៅតាម វាលស្រែ ឬក្នុងចំការក្រោយផ្ទះ មានត្រយូងចេក ល្ហុង ត្រួយត្រកួនខ្ចី ត្រួយកន្ធំធេត ផ្កាកំប៉ោក ផ្កាស្នោជាដើម។ គាត់បានប្រតិស្ឋនាម អោយនំនោះថា នំសរសៃស្រូវវារ។ នៅពេលដែល គាត់ធ្វើនំសរសៃស្រូវវារ នេះម្តងៗ គាត់តែងដួសផ្ញើញាតិសន្តាន ក្នុងភូមិ អោយពិសាគ្រប់គ្នា។ លុះភ្លក្សស្នាដៃរបស់ គាត់ហើយ ឃើញថាឆ្ងាញ់ អ្នកស្រុកក៏បានមកសុំ រៀនក្បួនពីគាត់ យកទៅផ្សំច្នៃធ្វើទឹកសម្ល កំដរនំ ឆីតាមផ្ទះ តាមភូមិរៀងៗខ្លួន ជាបន្តៗ ទៅទៀត។ លុះចាស់ជរាបន្តិចទៅ អ្នកស្រែទាំងពីរនាក់ប្តីប្រពន្ធ មិនអាច ប្រកបរបរធ្វើស្រែបាន ព្រោះគ្មានកូនចៅ បន្តការងារ ក៏ដូរមុខរបរ មករែកនំលក់នំបញ្ចុក លក់តាមភូមិ តិចតួច ដើម្បីចិញ្ចឹមជីវិតរៀងរាល់ថ្ងៃ តាមដំណើរជីវិតសុចរិត របស់គាត់។

ថ្ងៃមួយ មានរាជកុមារ វ័យប្រមាណ ៧វស្សា នាំពលសេនា ជិះសេះដើរលេង នៅតាមស្រុកភូមិ បានប្រទះឃើញ អ្នកស្រុកចោមរោម អ្នកស្រែលក់នំបញ្ចុក ក៏ចង់សាកមើលនឹងគេដែរ។ តែដោយជំនាន់នោះមិនទាន់អភិវឌ្ឍន៍នៅឡើយទេ គឺអ្នកស្រុកនៅឆីនំបញ្ចុក នឹងម្រាមដៃ ម្ល៉ោះហើយរាជកុមារក៏ប្រែចិត្តរារែក មិនហ៊ានសាកល្បង ព្រោះខ្លាចប្រឡាក់ដៃ។ រីឯអ្នកស្រែទាំងពីរ កាលបើបានដឹងថា រាជកុមារ ចង់សាកល្បង ក៏ទូលសុំ អោយស្នំឯក ដែលជាមេដោះ របស់រាជកុមារ យកដៃចាប់នំសរសៃ ស្រូវវារ បញ្ចុករាជកុមារ។ ដោយការចង់ដឹងនូវរសជាតិសម្លដ៏សែនឈ្ងុយប្លែក រាជកុមារក៏យល់ព្រម អោយស្នំឯកបញ្ចុក។ ពេលនេះ រាជកុមារយើង ក៏មានសេចក្តីសោមនស្សនឹងរសជាតិ នំសរសៃស្រូវវារ ដ៏ឆ្ងាញ់មួយចាននោះ។

ពេលរាជកុមារ ត្រឡប់ទៅរាជវាំងវិញ តែងទទូចអោយព្រះមាតា តាមរកទិញ នំដែលស្នំបញ្ចុក នោះ ពីអ្នកស្រែ ដើម្បីយក មកសោយនៅក្នុងរាជវាំង។ ដោយសារខ្ជិលដេញស្នំ អោយរត់ទៅទិញនំ ពីអ្នកស្រែ រៀងរាល់ព្រឹក ព្រះរាជមាតា ក៏បញ្ជា អោយសេនា ទៅអញ្ជើញ អ្នកស្រែទាំងពីរនាក់ប្តីប្រពន្ធ មកធ្វើនំ សម្រាប់រាជកុមារ សោយ ប្រចាំរាជវាំង រៀងរហូតទៅ។ ចំណេរតមកឈ្មោះនំសរសៃស្រូវវារ ក៏លែងមាននរណាហៅតទៅទៀត ដែរ។ គេទម្លាប់នាំគ្នា ហៅថា នំដែលស្នំបញ្ចុក ក្រោយមក ក៏ត្រូវហៅកាត់ៗ ខ្លីៗថា នំបញ្ចុកៗ តរហូតមកដល់សព្វថ្ងៃនេះ៕

ដោយ៖ ផ្កាយNoVeLs–

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)