Cambo-China

· ម្សិលមិញ

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ មិត្តភាពកម្ពុជា-ចិន ធន់ និងទុកចិត្តបាន នៅគ្រប់កាលៈទេសៈ

#សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA# #សម្តេចរដ្ឋសភាធិបតី ឃួន សុដារី#

617

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ចំណងមិត្តភាពដែកថែបកម្ពុជា-ចិន ជាចំណងមិត្តភាពដែលធន់ និងអាចជឿទុកចិត្តបាន នៅគ្រប់កាលៈទេសៈ។

សម្តេចបានលើកឡើងដូចនេះ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ក្នុងឱកាសដែលលោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជូនពរសម្តេចប្រធានរដ្ឋសភា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់ក្នុងពេលឆាប់ៗនេះ។

នៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណដល់មិត្តចិន ដែលបានស្វែងរកដំណោះស្រាយដោយសន្តិវិធី ចំពោះជម្លោះព្រំដែនកម្ពុជា-ថៃ។ កិច្ចអន្តរាគមន៍របស់ចិន មានយុទ្ធសាស្ត្រ និងយុទ្ធវិធីច្បាស់លាស់ និងម៉ត់ចត់។ សម្តេចបានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរៀបចំឱ្យមានកិច្ចប្រជុំចង្អៀតត្រីភាគី ស្តីពីជម្លោះព្រំដែនកម្ពុជា-ថៃ នៅបឹងហ្វូសៀន (Fuxian Lake) ខេត្តយូណាន កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ដែលបានបង្ហាញពីតួនាទីដ៏សំខាន់ និងប្រកបដោយស្ថាបនាក្នុងការលើកកម្ពស់កិច្ចសន្ទនា និងការប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់ ដើម្បីកាត់បន្ថយការប៉ះទង្គិចដោយប្រដាប់អាវុធ និងនាំស្ថានភាពឆ្ពោះទៅកាន់សន្តិភាពឡើងវិញ។

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពនៃបេសកកម្មការទូតរបស់លោក វ៉ាង វិនពីន នៅកម្ពុជា ដែលមានសកម្មភាពយ៉ាងសកម្ម និងសម្រេចបាននូវសមិទ្ធផលផ្លែផ្កាជាច្រើនគួរជាទីមោទនៈ។ ឯកអគ្គរដ្ឋទូត បានធ្វើដំណើរទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមសម្ពោធសមិទ្ធផលនានា ដែលជាជំនួយរបស់មិត្តចិនចំពោះកម្ពុជា ដែលថ្មីៗនេះ គឺគម្រោងកសាងស្ពានថ្មីមេគង្គក្រចេះ ដែលជាស្ពានមិត្តភាពខ្មែរ-ចិន ដែលនឹងដាក់ឱ្យប្រើប្រាស់ក្នុងពេលឆាប់ៗ ខាងមុខ ដែលជាការតភ្ជាប់ដ៏សំខាន់ក្នុងការរួមចំណែកដោយផ្ទាល់ដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ជំនួយរបស់ចិន បាននិងកំពុងជួយគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជានៅក្នុងគ្រាលំបាកនេះ។ 

ទន្ទឹមនោះ លោក វ៉ាង វិនពីន បានគូសបញ្ជាក់ថា សម្តេចប្រធានរដ្ឋសភា ជាឥស្សរជនជាន់ខ្ពស់មួយរូប ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការលើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ចិន។ មិត្តចិននឹងបន្តគាំទ្រដល់បុព្វហេតុអភិវឌ្ឍន៍នៅកម្ពុជា ហើយចំណងមិត្តភាពកម្ពុជា-ចិន មិនប្រែប្រួលឡើយ និងមិនត្រឹមតែជាពាក្យនិយាយប៉ុណ្ណោះទេ ប៉ុន្តែបានបង្ហាញជាលទ្ធផលជាក់ស្តែង។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានប្រកាសថា ជំនួយគាំទ្រដល់ការអភិវឌ្ឍកម្ពុជា នឹងបន្តជាបន្តបន្ទាប់ រួមទាំងការគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ។ ចំពោះជម្លោះព្រំដែនកម្ពុជា-ថៃ ប្រទេសចិន នឹងជំរុញឱ្យភាគីទាំងពីរ បន្តកិច្ចសន្ទនា ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី ឆ្ពោះទៅរកភាពប្រក្រតីវិញ និងធានាបាននូវសន្តិភាពយូរអង្វែង ហើយចិននឹងបន្តផ្តល់ជំនួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងវិស័យការពារជាតិកម្ពុជាផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)