Cambo-China

· 03-08

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាសិក្សាឈ្វេងយល់អំពីសក្តានុពល ព្រមទាំងស្ថានភាពទូទៅរបស់ខេត្តប៉ៃលិន

#ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា# #សង្គម# #ខេត្តប៉ៃលិន# #ព័ត៌មានសង្គម# #CAMBO-CHINA#

943

ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានធ្វើការសិក្សាឈ្វេងយល់អំពីសក្តានុពល ព្រមទាំងស្ថានភាពទូទៅរបស់ខេត្តប៉ៃលិន ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរឡើងរវាងរដ្ឋបាលខេត្តប៉ៃលិន និងស្ថានឯកអគ្គរដ្ឋទូតចិន។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិនបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមាន លោក វ៉ាង វិនប៊ីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ដែលបានអញ្ជើញមកកាន់ទឹកដីខេត្តប៉ៃលិន ដោយក្នុងជំនួបកាលពីរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ លោកជំទាវអភិបាលខេត្តបានជម្រាបជូនគណៈប្រតិភូអំពីស្ថានភាពភូមិសាស្រ្ត ស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ស្ថានភាពសេដ្ឋកិច្ច ស្ថានភាពសន្តិសុខ និងសក្តានុពលរបស់ខេត្ត។

លោកជំទាវបណ្ឌិត បាន ស្រីមុំ បានលើកឡើងថា កម្ពុជា-ចិន គឺជាមិត្ដប្រវត្តិសាស្ត្រដ៏ជិតស្និទ្ធពិតប្រាកដនិងទុកចិត្តគ្នា ហើយតាមរយៈការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់រវាងថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរបានធ្វើឱ្យចំណងមិត្តភាពនេះប្រែក្លាយទៅជាមិត្តភាពដែកថែប ដែលបានជំរុញកិច្ចសហប្រតិបត្តិការរវាងគ្នានឹងគ្នាឱ្យបានកាន់តែស្អិតល្មួតបន្ថែមទៀត។

លោកជំទាវថា ខេត្តប៉ៃលិន កន្លងមកទទួលបានការឧត្ថម្ភគាំទ្រពីរដ្ឋាភិបាលចិនលើវិស័យកសិកម្ម ពាណិជ្ជកម្ម ទេសចរណ៍ សុខាភិបាល អប់រំ និងការកសាងហេដ្ឋារចនាសម្ព័ន្ធ មានដូចជា ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ និងប្រព័ន្ធធារាសាស្ត្រជាដើម។

ជាការឆ្លើយតប លោក វ៉ាង វិនប៊ីន ឯកអគ្គរដ្ឋទូតចិនបានកត់សម្គាល់ពីការអភិវឌ្ឍរីកចម្រើនរបស់ខេត្តប៉ៃលិន ព្រមទាំងបានសន្យាថានឹងខិតខំឱ្យអស់ពីលទ្ធភាព ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់អាជ្ញាធរ និងប្រជាពលរដ្ឋខេត្តប៉ៃលិនក្នុងនាមប្រទេសជាមិត្តដ៏យូអង្វែង ជាពិសេសបង្កើនកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែល្អប្រសើឡើង។

ឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះវិធានការ បង្ក្រាបយ៉ាងម៉ឺងម៉ាត់របស់កម្ពុជា និងបានប្រកាសពីការគាំទ្រយ៉ាងមុតមាំដល់កម្ពុជាក្នុងការបោសសម្អាតនូវសកម្មភាពឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីលើទឹកដីកម្ពុជា៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)