Cambo-China

· 02-22

ព្រឹត្តិការណ៍បុណ្យចូលឆ្នាំប្រពៃណីចិនអបអរខួប១០ឆ្នាំ នៃដំណើរភាពយន្តចល័តកម្ពុជា-ចិន និងអបអរសាទរឆ្នាំទេសចរណ៍កម្ពុជា-ចិន

#ពិធីបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន# #កម្ពុជា-ចិន# #ដំណើរភាពយន្តចល័ត# #សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#

1529

ព្រឹត្តិការណ៍បុណ្យចូលឆ្នាំប្រពៃណីចិនអបអរខួប១០ឆ្នាំ នៃដំណើរភាពយន្តចល័តកម្ពុជា-ចិន និងអបអរសាទរឆ្នាំទេសចរណ៍កម្ពុជា-ចិន» ដែលរៀបចំដោយមជ្ឈមណ្ឌលកម្មវិធីភាសាអាស៊ីនិងអាហ្វ្រិកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន សហការជាមួយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងទេសចរណ៍ និងសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៦។

ក្នុងឱកាសនោះ ឯកឧត្តម ហួត ហាក់ បានកោតសរសើរដោយស្មោះចំពោះវិទ្យុមិត្តភាពកម្ពុជា-ចិន ដែលបានសហការជាមួយក្រុមការងារមកពីគ្រប់ផ្នែក ក្នុងការរៀបចំព្រឹត្តិការណ៍ដ៏មហោឡារិកនេះឡើង ប្រកបដោយភាពច្នៃប្រឌិត និងភាពអស្ចារ្យ ដើម្បីផ្តល់ជាអាហារចក្ខុដ៏មានគុណតម្លៃ ជូនដល់សាធារណជនយើងទាំងក្នុងទិដ្ឋភាពអប់រំ វប្បធម៌ ទេសចរណ៍ និងការកម្សាន្ត។

ទន្ទឹមនឹងនេះ ឯកឧត្តមក្រសួងទេសចរណ៍ ក៏បានលើកឡើងថា «ការរៀបចំព្រឹត្តិការណ៍ «ដំណើរភាពយន្តចល័តកម្ពុជា-ចិនដ៏ឆ្នើម លើកទី១០» នាឱកាសនេះ គឺជាសមិទ្ធផលដ៏ត្រចះត្រចង់ និងជាមោទនភាពថ្មីមួយទៀត ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាឱ្យកាន់តែមានភាពលេចធ្លោ ភាពទាក់ទាញ និងភាពរស់រវើកនៅលើឆាកអន្តរជាតិ»។

ជាក់ស្តែង ទេសចរណ៍ភាពយន្ត (Film Tourism) មិនមែនគ្រាន់តែជាការកម្សាន្តតាមកញ្ចក់ទូរទស្សន៍ ឬផ្ទាំងសំពត់សប៉ុណ្ណោះទេ ប៉ុន្តែជាយុទ្ធសាស្ត្រដ៏មុតស្រួចក្នុងការអភិវឌ្ឍ និងផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាឱ្យមានភាពរស់រវើក និងទាក់ទាញបំផុត។

គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេល១០ឆ្នាំនេះ រថយន្តចាក់បញ្ចាំងភាពយន្តបានធ្វើដំណើរពាសពេញ ២៥ ខេត្ត-ក្រុង ក្នុងប្រទេសកម្ពុជា បានចាក់បញ្ចាំងភាពយន្តល្អៗជាង ៣០០ លើក និងមានអ្នកទស្សនាសរុបជាង ១០ ម៉ឺននាក់ផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស