Cambo-China

· 02-01

កម្ពុជា-ចិន ឆ្ពោះទៅកាន់យុគសម័យថ្មីនៃមិត្តភាពដែកថែប តាមរយៈការពង្រឹងទំនុកចិត្តវិនិយោគ និងការដាក់ចេញយន្តការដោះស្រាយបញ្ហា

#កម្ពុជា-ចិន# #សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#

1837

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) រួមជាមួយ លោក Wang Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកម្មវិធីមហាសន្និបាតប្រចាំឆ្នាំ២០២៥ និងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣០ នៃសភាពាណិជ្ជកម្មចិននៅកម្ពុជា។ 

កម្មវិធីមហាសន្និបាតប្រចាំឆ្នាំ២០២៥ និងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣០ នៃសភាពាណិជ្ជកម្មចិននៅកម្ពុជា នាល្ងាចថ្ងៃសៅរ៍ ទី៣១ ខែមករា ឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងមហោឡារិក ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលេចនូវមោទនភាពចំពោះទំនាក់ទំនង "មិត្តភាពដែកថែប" ដែលបានចាក់គ្រឹះយ៉ាងរឹងមាំអស់រយៈពេលជាងបីទសវត្សរ៍ ដោយបានគូសបញ្ជាក់ថា ភាពជោគជ័យនៃចំណងទាក់ទងនេះ មិនត្រឹមតែស្តែងចេញតាមរយៈកិច្ចព្រមព្រៀងកម្រិតរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការតភ្ជាប់ដោយស្មោះត្រង់រវាងប្រជាជន និងប្រជាជន ក្នុងស្មារតីកសាង «សហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី»។ 

ការកសាងវាសនារួមនេះ បាននាំមកនូវការបង្កើតការងារ ការផ្ទេរចំណេះដឹង និងការកសាងឱកាសសម្រាប់យុវជនកម្ពុជា ខណៈសភាពាណិជ្ជកម្មចិនត្រូវបានប្រសិទ្ធនាមថាជា "ស្ពានតភ្ជាប់ដ៏មានឥទ្ធិពល" ដែលបានជំរុញឱ្យសហគ្រាសនៃប្រទេសទាំងពីរដើរទន្ទឹមគ្នាលើមាគ៌ាអភិវឌ្ឍន៍ប្រកបដោយបរិយាបន្ន។

ក្រឡេកមកមើលលើទិដ្ឋភាពនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីតួនាទីដ៏សំខាន់នៃគំនិតផ្ដួចផ្ដើម "ខ្សែក្រវាត់ និងផ្លូវ" (BRI) ដែលជាកម្លាំងចលករផ្លាស់ប្តូរកម្ពុជាពី "ប្រទេសដែលមានសក្តានុពល" ទៅជា "ប្រទេសដែលមានការរីកចម្រើនពិតប្រាកដ"។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ កម្ពុជាសម្រេចបាននូវសមិទ្ធផលធំៗជាច្រើន រួមមានផ្លូវថ្នល់ជាង ៣,០០០ គីឡូម៉ែត្រ ស្ពានយុទ្ធសាស្ត្រ អាកាសយានដ្ឋានទំនើប និងផ្លូវល្បឿនលឿន ដែលបានកាត់បន្ថយថ្លៃដើមឡូជីស្ទីក និងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងតំបន់។ លើសពីនេះ ក្នុងឆ្នាំ ២០២៥ ការវិនិយោគផ្ទាល់ពីចិនមានចំនួនរហូតដល់ជាង ៥០% នៃ FDI សរុប ដែលជាសក្ខីភាពបង្ហាញពីទំនុកចិត្តខ្ពស់របស់អ្នកវិនិយោគចិនមកលើស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្ញើសារដ៏មានឥទ្ធិពលតាមរយៈសុភាសិតបែបទស្សនវិជ្ជាពីរឃ្លា រួមមាន "សសរមួយដើមមិនអាចទ្រផ្ទះបាន" និង "បើចង់ទៅឱ្យឆ្ងាយ ត្រូវទៅជាមួយគ្នា" ដើម្បីរំលឹកថា ភាពជោគជ័យដ៏អស្ចារ្យនាពេលអនាគត គឺអាស្រ័យលើការរួមរួមកម្លាំងគ្នារវាងរដ្ឋ និងឯកជន ក្នុងនាមជាសមាជិកនៃសហគមន៍វាសនារួមតែមួយ។ ក្នុងនាមជាដៃគូដែល "ដឹងកម្លាំងគ្នាក្នុងផ្លូវឆ្ងាយ" កម្ពុជានៅតែបន្តស្វាគមន៍សហគ្រាសចិនគ្រប់លំដាប់ថ្នាក់ ឱ្យមកបណ្តាក់ទុន និងរីកចម្រើនជាមួយគ្នា ដើម្បីកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ដែលមានភាពរុងរឿង និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកក្នុងយុគសម័យថ្មីនេះ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស