Cambo-China

· ម្សិលមិញ

ក្រុមហ៊ុនទេសចរណ៍ចិនធំៗ មកពី១៤ ខេត្តក្រុង និងរដ្ឋធានីប៉េកាំងចាប់អាម្មរណ៍ កាលានុវត្តភាពវិនិយោគទេសចរណ៍ដ៏ទាក់ទាញរបស់កម្ពុជា

#សង្គម# #វិស័យទេសចរណ៍ចិន# #ព័ត៌មានសង្គម# #CAMBO-CHINA#

991

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាក្នុងពិធីបើក «វេទិកាជំនួបផ្គូផ្គងធុរកិច្ចទេសចរណ៍អន្តរជាតិ កម្ពុជា-ចិន» ដោយមានការចូលរួមពីលោក Jiang Chao តំណាងស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា សមាគមពាណិជ្ជកម្មចិន និងកម្ពុជា ក្រុមហ៊ុនទេសចរណ៍ និងធុរជនកម្ពុជា-ចិន ព្រមទាំងភ្ញៀវកិត្តយសជាតិ និងអន្តរជាតិសរុបជាង៥០០នាក់។

អ្នករៀបចំកម្មវិធិវេទិកាធុរកិច្ចចិន និងកម្ពុជា បានរាយការណ៍ជូនគណៈអធិបតីអំពីការចូលរួមក្នុងជំនួបផ្គូផ្គងដែលមានអ្នកទិញ ជាង៦៣ក្រុមហ៊ុនទេសចរណ៍ធំៗ ពីខេត្តក្រុង១៤ និងរដ្ឋធានីប៉េកាំងនៃប្រទេសចិន ប្រទេសម៉ាឡេស៊ី និងប្រទេសវៀតណាម ហើយអ្នកលក់ជាការីទេសចរណ៍កម្ពុជាធំៗ ជាង៧៥ក្រុមហ៊ុន ដែលមានចាប់ពីក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia និងសណ្ឋាគារម៉ាកអន្តរជាតិល្បីៗ ជាច្រើនជាមួយនឹងការរំពឹងទុកលើលទ្ធផលចុះកិច្ចសន្យាទិញកញ្ចប់ទស្សនកិច្ចចាប់ពី ៧៥%ឡើងទៅ។

ទន្ទឹមនឹងនេះដែរ អ្នករៀបចំកម្មវិធី ក៏បានរៀបចំជូនអ្នកទិញនូវដំណើរទស្សនកិច្ចស្វែងយល់ពីសក្តានុពលទេសចរណ៍ទៅជាច្រើនគោលដៅទេសចរណ៍របស់កម្ពុជាដូចជារាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តសៀមរាប។ល។

ក្នុងឱកាសនោះ ឯកឧត្តម ហួត ហាក់ បានថ្លែងអំពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែប និងកាលានុវត្តភាពវិនិយោគរបស់រាជធានីភ្នំពេញដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា ជាមួយចំនួនប្រជាជនជាង២លាននាក់ ការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសគឺវត្តមានដ៏ច្រើនរបស់ក្រុមហ៊ុនផ្តល់សេវាកម្មទេសចរណ៍ជិត ១៦០០ក្រុមហ៊ុន ដែលបានចូលរួមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកទស្សនារាជធានីភ្នំពេញជាង១១លាននាក់ ដែលក្នុងនោះភ្ញៀវទេសចរអន្តរជាតិមានជាង១,១លាននាក់ គិតត្រឹម១១ខែ ឆ្នាំ២០២៥ នេះ។

ឆ្លៀតក្នុងឱកាសដ៏មានសារៈសំខាន់ និងប្រកបដោយអត្ថន័យជ្រាលជ្រៅនៃចំណងមិត្តភាព និងកិច្ចសហប្រតិបតិ្តការដ៏ល្អ និងរឹងមាំរវាងកម្ពុជា និងចិន ឯកឧត្ដមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ព្រមទាំងថ្លែងអំណរគុណចំពោះការអញ្ជើញមករបស់ធុរជនចិនដែលពិតជាបានពិនិត្យមើលជាក់ស្តែងអំពីសក្តានុពលទេសចរណ៍ និងកាលានុវត្តវិនិយោគកម្ពុជានាពេលនេះ ជាពិសេសប្រទេសកម្ពុជា គឺជាគោលដៅទេសចរណ៍អន្តរជាតិប្រកបដោយសុខសុវត្ថិភាព មិត្តភាព បដិសណ្ឋារកិច្ចកក់ក្តៅ និងមានភាពទាក់ទាញ។ 

ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើគ្រប់ភាគីទាំងអស់ ត្រូវបន្តជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា កាលានុវត្តភាពវិនិយោគ ពិសេសគឺការលើកលែងទិដ្ឋាការដល់ប្រជាជនចិននាឆ្នាំ២០២៦ ខាងមុខនេះ ឱ្យបានទូលំទូលាយ និងដល់ភ្ញៀវទេសចររបស់ក្រុមហ៊ុន ដើម្បីបង្កើនចំនួនភ្ញៀវទេសចិនមកទស្សនាកម្ពុជាឱ្យកាន់តែច្រើនឡើងបន្ថែមទៀត៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស