TNAOT News

· 12-06

អាជ្ញាធរជាតិអប្សរា នឹងបិទចរាចរទីតាំងប្រាសាទមួយចំនួនក្នុង«ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរ លើកទី៣០»

#NEW NEWS# #ប្រាសាទ# #ម៉ារ៉ាតុង# #សង្គម# #អង្គរវត្ត# #ព័ត៌មានសង្គម# #អាជ្ញាធរជាតិអប្សរា#

2332

អាជ្ញាធរជាតិអប្សរា បានជូនដំណឹងដល់ក្រសួង ស្ថាប័នជាតិ-អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់ ឲ្យបានដឹងថា៖

គណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា រួមជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរជាតិអប្សរា នឹងសហការរៀបចំទិវារត់ ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរលើកទី៣០ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ នៅបរិវេណតំបន់ រមណីយដ្ឋានអង្គរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានអត្តពលិកជាតិ និងអន្តរជាតិចូលរួមរត់ ប្រណាំងប្រមាណ១៦,០០០នាក់។

ក្នុងន័យដើម្បីធានាការរៀបចំពិធីប្រព្រឹត្តទៅដោយរលូន អាជ្ញាធរជាតិអប្សរានឹងបិទការចូល ទស្សនា និងចរាចរតាមទីតាំងមួយចំនួនដូចខាងក្រោម៖ ១. បិទការធ្វើចរាចរ និងចូលទស្សនាថ្ងៃរះសម្រាប់ភ្ញៀវទេសចរ តាមច្រកខាងលិចប្រាសាទអង្គរវត្ត ចាប់ ពីម៉ោង៤៖០០ព្រឹក ដល់ម៉ោង១១:០០ថ្ងៃ។ ភ្ញៀវទេសចរអាចចូលទស្សនាថ្ងៃរះបានជាធម្មតា នៅតាមច្រកខាងកើតប្រាសាទអង្គរវត្ត ដូចមានផែនទីលេខ១ជូនភ្ជាប់។, ២. បិទការធ្វើចរាចរតាមដងផ្លូវចាប់ពីចំណុចផ្លូវកែងចំបក់កំណប់ ឆ្ពោះទៅមុខប្រាសាទអង្គរវត្ត រហូត ដល់ចំណុចខ្លោងទ្វារដីឆ្នាំងចាប់ពីម៉ោង៤៖០០ព្រឹក ដល់ម៉ោង១១:០០ថ្ងៃ ដូចមានផែនទីលេខ២។, ៣. ដោយឡែក គំនូសផ្លូវពណ៌បៃតង ដូចមានក្នុងផែនទីលេខ៣ ជូនភ្ជាប់ នឹងត្រូវបិទចរាចរនៅពេលអត្ត ពលិកជាតិ និងអន្តរជាតិ រត់ឆ្លងកាត់។

គួររំលឹកផងដែរថា ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអង្គរ កាលពីលើកទី១ ឆ្នាំ១៩៩៦ មានអ្នកចូលរួមត្រឹម ៦៥៤នាក់ប៉ុណ្ណោះ ហើយបន្ដកើនឡើងជាបន្ដបន្ទាប់ រហូតដល់ឆ្នាំ២០២៤ បានទាក់ទាញអ្នកចូលរួមសរុប ១៤,៣៧០នាក់ ហើយកាន់តែពិសេស នៅក្នុងខួប ៣០ឆ្នាំ នាព្រឹកថ្ងៃទី៧ ខែធ្នូស្អែកនេះ គឺជាកំណត់ត្រាដ៏អស្ចារ្យថ្មីមួយទៀត ដែលមានអ្នកចុះឈ្មោះចូលរួមរហូតដល់ជាង ១៦,០០០នាក់។ ព្រឹត្តិការណ៍នេះ បានក្លាយជាផ្នែកមួយដ៏សំខាន់ ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចជាតិ ក៏ដូចជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ សម្រាប់អ្នកជីវកររកទទួលទានផ្សេងៗលើទឹកដីអង្គរផងដែរ៕

 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)