Cambo-China
· 12-03
កម្ពុជា និងចិនប្រកាសចាប់ផ្តើមអនុវត្តគម្រោងស្រាវជ្រាវរួមគ្នាចំនួន៨ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
#សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#
1290
គម្រោងស្រាវជ្រាវរួមគ្នាកម្ពុជា-ចិន ចំនួន៨ គម្រោង ត្រូវបានប្រកាសចាប់ផ្តើមអនុវត្ត ដែលជាការបើកទំព័រថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារវាងប្រទេសទាំងពីរ។ គម្រោងស្រាវជ្រាវទាំងនេះផ្តោតលើវិស័យអាទិភាពសម្រាប់ការអភិវឌ្ឍរយៈពេលវែងរបស់កម្ពុជា រួមមានសន្តិសុខស្បៀង សុខភាពសាធារណៈ និងការអភិវឌ្ឍឌីជីថល។
ពិធីនេះត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ របស់កម្ពុជា និងឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន។
ភាពជាដៃគូនេះត្រូវបានកសាងដោយផ្អែកលើ “កិច្ចព្រមព្រៀងសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍” និងអនុស្សរណៈនៃការយោគយល់រវាងប្រទេសទាំងពីរ។ ដំណើរការបានចាប់ផ្តើមតាំងពីខែកក្កដា ឆ្នាំ២០២៤ ជាមួយនឹងកិច្ចប្រជុំលើកទីមួយ នៃគណៈកម្មការចម្រុះកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាអន្តររដ្ឋាភិបាល ចិន-កម្ពុជា ដែលបានកំណត់វិស័យអាទិភាពសម្រាប់កម្មវិធីស្រាវជ្រាវរួមគ្នា។
សំណើគម្រោងចំនួន៨ ក្នុងចំណោមសំណើប្រមាណ៧០ ដែលបានដាក់ស្នើដោយក្រុមស្រាវជ្រាវមកពីប្រទេសទាំងពីរ ត្រូវបានជ្រើសរើស។ ការណ៍នេះបង្ហាញពីចំណាប់អារម្មណ៍ខ្ពស់លើការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ និងការជ្រើសរើសគម្រោងប្រកបដោយភាពប្រកួតប្រជែង។ វិស័យស្នូលចំនួន៤ នៃកម្មវិធីស្រាវជ្រាវរួមគ្នានេះមានបច្ចេកវិទ្យាអាហារ, បច្ចេកវិទ្យាជីវសាស្រ្តសម្រាប់ប្រើប្រាស់ក្នុងវិស័យសុខាភិបាល និងបរិស្ថាន, បញ្ញាសិប្បនិម្មិត (AI) ដើម្បីកសាងសមត្ថភាពឌីជីថល, និងវិទ្យាសាស្រ្តទិន្នន័យ ដើម្បីពង្រឹងការវិភាគ និងការសម្រេចចិត្តផ្អែកលើភស្តុតាង។
វដ្តនៃការអនុវត្តគម្រោងទាំងនេះត្រូវបានកំណត់សម្រាប់រយៈពេល២ ឆ្នាំ។ ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា របស់ចិន នឹងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុរហូតដល់២ លានយ៉ន់ ឬប្រមាណ២៨ម៉ឺនដុល្លារអាមេរិក សម្រាប់ក្រុមស្រាវជ្រាវនីមួយៗរបស់ប្រទេសចិន។ ទន្ទឹមនឹងនោះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ របស់កម្ពុជា នឹងផ្តល់ការគាំទ្រស្ថាប័ន និងបដិភាគដល់អ្នកស្រាវជ្រាវកម្ពុជា។ 
ប្រទេសទាំងពីរក៏នឹងបន្តកិច្ចសហប្រតិបត្តិការតាមរយៈវេទិកាផ្សេងៗ ដូចជាគំនិតផ្តួចផ្តើមច្រករបៀងនវានុវត្តន៍ ឡានឆាង-មេគង្គ និងគណៈកម្មាធិការរួមអាស៊ាន-ចិនផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីគាំទ្រដល់វឌ្ឍនភាពវិទ្យាសាស្ត្រក្នុងតំបន់៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
សប្តាហ៍ផ្លាស់ប្តូរការអប់រំចិន-អាស៊ានឆ្នាំ ២០២៣ បានបើកនៅប្រទេសចិន
ភាពរស់រវើកនៃជនបទរបស់ចិនក្នុងក្រសែភ្នែកយុវជនកម្ពុជា
【វីដេអូ】ចិន និងអាស៊ានកំពុងសម្លឹងរកមើលកិច្ចសហប្រតិបត្តិការថាមពលបៃតង
គណៈប្រតិភូជាន់ខ្ពស់ពីតំបន់រដ្ឋបាលពិសេសហុងកុង សិក្សាស្វែងយល់បន្ថែមអំពីកាលានុវត្តភាព និងសក្តានុពលនៃការវិនិយោគនៅកម្ពុជា
យោបល់ទាំងអស់ (0)