Cambo-China

· 11-28

រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ ភ្ញៀវទេសចរ និងវិនិយោគិនចិននៅតែជាទីផ្សារនាំមុខរបស់កម្ពុជា

#ប្រទេសកម្ពុជា# #រដ្ឋមន្ត្រី# #សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA# #ក្រសួងទេសចរណ៍# #វិនិយោគិនចិន#

1944

ភ្ញៀវទេសចរ និងវិនិយោគិនចិននៅតែជាទីផ្សារនាំមុខរបស់ប្រទេសកម្ពុជា ដែលកម្ពុជាត្រៀមរួចជាស្រេចដើម្បីទទួលស្វាគមន៍ការអញ្ជើញមកទស្សនា និងការបណ្តាក់ទុនវិនិយោគ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក្នុងពិធីបើកវេទិកាទេសចរណ៍ កម្ពុជា-ចិន ឆ្នាំ២០២៥ ក្រោមប្រធានបទ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន៖ ការចាប់យកកាលានុវត្តភាពទីផ្សារទេសចរណ៍ចិន ឆ្ពោះទៅការកសាងសហគមន៍ជោគវាសនារួម» ដោយមានការចូលរួមពីលោក CHEN Cong អគ្គទីប្រឹក្សា នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា។

ឆ្លៀតក្នុងឱកាសដ៏មានសារៈសំខាន់ និងប្រកបដោយអត្ថន័យជ្រាលជ្រៅនៃចំណងមិត្តភាព និងកិច្ចសហប្រតិបតិ្តការដ៏ល្អ និងរឹងមាំរវាងកម្ពុជា និងចិន ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើគ្រប់ភាគីទាំងអស់ ត្រូវបន្តជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា កាលានុវត្តភាពវិនិយោគ ជាពិសេសប្រទេសកម្ពុជា គឺជាគោលដៅទេសចរណ៍អន្តរជាតិប្រកបដោយសុខសុវត្ថិភាព មិត្តភាព បដិសណ្ឋារកិច្ចកក់ក្តៅ និងមានភាពទាក់ទាញ។

ជាក់ស្តែង វេទិកានេះនឹងក្លាយជាការអនុវត្តជាក់ស្តែងប្រកបដោយផ្លែផ្កាក្នុងការអនុវត្តយុទ្ធនាការ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥» ដែលត្រូវបានប្រកាសបើកជាផ្លូវការ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ សំដៅជំរុញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិរវាងប្រទេសទាំងពីរឱ្យកាន់តែកើនឡើងបន្ថែមលើចំនួនភ្ញៀវទេសចរដែលកំពុងមានសន្ទុះកើនស្រាប់នាពេលបច្ចុប្បន្ន។

គួរបញ្ជាក់ផងដែរថា តាមរយៈស្ថិតិទេសចរណ៍រយៈពេល១០ខែក្នុងឆ្នាំ២០២៥ នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបបានប្រមាណ៤,៨ លាននាក់ ដែលក្នុងនោះ ភ្ញៀវទេសចរមកពីមិត្តចិនមានចំនួនប្រមាណជិត១លាននាក់ដែលនាំមុខគេ។ ដូចនេះ កម្ពុជា ត្រូវតែត្រៀមលក្ខណសម្បត្តិឱ្យគ្រប់គ្រាន់ និងរួចរាល់ក្នុងការទទួលស្វាគមន៍ការត្រលប់មកវិញនូវភ្ញៀវទេសចរ និងវិនិយោគិនចិន តាមរយៈការសម្រួលបរិយាកាសទទួលបដិសណ្ឋារកិច្ចដល់ភ្ញៀវទេសចរ និងវិនិយោគិនរបស់មិត្តចិននៅកម្ពុជាផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)