Cambo Space

· 2023-02-01

«ឧទ្យានកាឡាក់ស៊ី» ជារូបភាពល្អបំផុតប្រចាំខែថតដោយ James Webb និងស្ថិតនៅសែនឆ្ងាយពីយើង…

#ឧទ្យានកាឡាក់ស៊ី# #បច្ចេកវិទ្យា# #James Webb# #វិទ្យាសាស្ត្រ#

696

(បរទេស)៖ នេះជារូបភាពល្អបំផុតប្រចាំខែមករា ឆ្នាំ២០២៣ ដែលក្រុមការងារគ្រប់គ្រង តេឡេស្កូបអវកាស James Webb របស់អង្គការ NASA ESA និង CSA ជ្រើសរើសយក ហើយវាពិតបង្ហាញនូវភាពអស្ចារ្យ តាមរយៈអត្ថន័យដែលបង្កប់នៅក្នុងនោះ។ សម្រាប់លោកអ្នកដែលស្រឡាញ់ និងតាមដានព័ត៌មានអំពីវិទ្យាសាស្ត្រ និងអវកាស ជាប់ជានិច្ច ពិតជាអាចយល់បានដោយមិនចាំបាច់មានអ្នកប្រាប់ថា រូបនេះជាអ្វីនោះឡើយ។

រូបភាពមួយសន្លឹកនេះ គឺត្រូវបានដាក់រហស្សនាមឲ្យថា «ឧទ្យានកាឡាក់ស៊ី» ឬ Garden of Galaxies ដែលស្ថិតនៅចម្ងាយជាង ១ពាន់លានឆ្នាំពន្លឺពីភពផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ) ហើយវាត្រូវបានដាក់ឈ្មោះឲ្យថា LEDA 2026648។ តេឡេស្កូបអវកាស James Webb បានសម្លឹងមើលដោយជ្រែកតារានិករ Hercules ដើម្បីរកមើលសួនកាឡាក់ស៊ីស្ថិតនៅឆ្ងាយនោះ ហើយយើងអាចមើលឃើញកាឡាក់ស៊ីធំជាងគេមួយ នៅខាងក្រោមរូបភាព ដែលមានទម្រង់ចេញជារាងគូទខ្យងមិនសូវខុសពីកាឡាក់ស៊ី Milky Way របស់យើងឡើយ។

សួនកាឡាក់ស៊ី LEDA 2026648 ថតដោយ James Webb (រូបភាពពី NASA ESA CSA)

គួរបញ្ជាក់ថា តេឡេស្កូបអវកាស James Webb មានគោលដៅចម្បងទី ១ ក្នុងការសិក្សាអំពីកាឡាក់ស៊ីដែលបានកកើតឡើងដំបូងៗនៅក្នុងចក្រវាល ឬជាពពួកកាឡាក់ស៊ីដែលបានលេចរូបរាងឡើង តែប៉ុន្មានរយលានឆ្នាំប៉ុណ្ណោះ បន្ទាប់ព្រឹត្តិការណ៍បន្ទុះ Big Bang ដែលបានកើតមានឡើងកាលពី ១៣.៨ពាន់លានឆ្នាំមុន ដើម្បីយល់ដឹងអំពីដំណើរនៃការកកើត, ការវិវឌ្ឍន៍ និងធាតុផ្សំសំខាន់ៗរបស់ចក្រវាលជាដើម។

តេឡេស្កូបអវកាស James Webb (រូបភាពពី NASA)

ឧបករណ៍វែករកពន្លឺក្រហមអាំងហ្វ្រា (Infrared Light) គ្រប់ទម្រង់ទាំងអស់របស់ James Webb គឺជាអាវុធដ៏មានអានុភាពសម្រាប់បំពេញកាតព្វកិច្ចខាងលើនេះ ដែលអាចឲ្យតេឡេស្កូបតម្លៃ ៩.៨ពាន់លានដុល្លារអាមេរិកមួយនេះ ពុះជ្រែកទីអវកាសទៅរកអតីតកាល តាមរយៈការចាប់យក និងវិភាគលើរលកប្រវែងពន្លឺក្រហមអាំងហ្វ្រានៃកាឡាក់ស៊ីឆ្ងាយៗ រហូតដល់ពពួកកាឡាក់ស៊ីដែលស្ថិតនៅកៀកនឹងព្រឹត្តិការណ៍ Big Bang តែម្តង៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា), ប្រភព៖ NASA ESA CSA (ថ្ងៃពុធ ទី០១ ខែកុម្ភៈ ឆ្នាំ២០២៣)

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស