ដើមអម្ពិល-DAP News

· 2023-02-01

លោក ប្រាក់ សុខុន នឹងចូលរួមជំនួបលើកដំបូង របស់រដ្ឋមន្ត្រីការបរទេសអាស៊ាន ក្នុងឆ្នាំ២០២៣

#រដ្ឋមន្ត្រីការបរទេសអាស៊ាន# #ប្រាក់ សុខុន# #កិច្ចប្រជុំ ACC# #សង្គម# #ព័ត៌មានសង្គម#

2136

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់លោកស្រី រ៉េតណូ អិល.ភី. ម៉ារស៊ូឌី រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋឥណ្ឌូនេស៊ី លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន (ACC) លើកទី៣២ និងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៣-៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស នៅថ្ងៃទី១ កុម្ភៈនេះ បានឲ្យដឹងថា កិច្ចប្រជុំ ACC លើកទី៣២ នឹងផ្តោតលើការបន្តតាមដាន «សេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពីសំណើសុំចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រខាងកើត» និង«សេចក្តីប្រកាសស្តីពីសេដ្ឋកិច្ចបៃតង»។ រដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏នឹងពិភាក្សាអំពីអាទិភាពនានានៅក្នុងឆ្នាំ២០២៣ ផងដែរ។

ក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន រដ្ឋមន្រ្តីនឹងពិភាក្សាអំពីការបន្តតាមដានការងាររបស់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ រួមទាំង « ការពិនិត្យឡើងវិញនិងការសម្រេចរបស់ថ្នាក់ដឹកនាំ ស្តីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច» និង «អនុសាសន៍ស្តីពីការពង្រឹងសមត្ថភាព និងប្រសិទ្ធភាពស្ថាប័នរបស់អាស៊ាន ដោយក្រុមការងារកម្រិតខ្ពស់លើចក្ខុវិស័យក្រោយឆ្នាំ២០២៥របស់សហគមន៍អាស៊ាន» ព្រមទាំងផ្លាស់ប្តូរទស្សនៈអំពីទំនាក់ទំនងខាង ក្រៅរបស់អាស៊ាន ក៏ដូចជាបញ្ហាក្នុងតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងកង្វល់រួមផងដែរ។

ឥណ្ឌូនេស៊ី នឹងដឹកនាំដំណើរការអាស៊ាននៅឆ្នាំនេះ ក្រោមមូលបទ «អាស៊ានសំខាន់៖ ចំណុចកណ្តាលនៃកំណើន» ដើម្បីធានាថាអាស៊ានក្លាយជាចំណុចនៃកិច្ចសហប្រតិបត្តិការ ដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពរបស់តំបន់ និងពិភពលោក។

នៅក្នុងឱកាសនៃជំនួបខាងលើ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រំពឹងថានឹងមានកិច្ចសន្ទនាដាច់ដោយឡែកជាមួយសមភាគីរបស់ឯកឧត្ដមពីប្រទេសអាស៊ានមួយចំនួនផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស