Harbor Property

· 2023-02-01

មានដឹងអត់! ភូមិកីឡា អាចទទួលអត្តពលិកស្នាក់នៅបាន៧ពាន់នាក់ ស្របទៅតាមស្ដង់ដារអូឡាំពិក

#ភូមិកីឡា# #CAMSOC# #វ៉ាត់ ចំរើន# #កីឡា# #កីឡាជាតិ# #ទៀ បាញ់#

4672

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC អមដំណើរដោយឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC និងប្រធានគណៈកម្មការជំនាញនានាបានអញ្ជើញត្រួតពិនិត្យការសាងសង់ភូមិកីឡា និងកិច្ចប្រជុំ ដើម្បីពន្លឿនឆ្ពោះទៅរៀបចំ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។

បើយោងតាមគេហទំព័រ Cambodia ២០២៣ បានស្រង់ប្រសាសន៍ឯកឧត្តម វ៉ាត់ ចំរើន ថា​ ក្រោយពីពិធីរាប់ថយក្រោយ១០០ថ្ងៃ គឺជាពេលវេលាកាន់តែខ្លីៗទៅ ដោយត្រូវពន្លៀនគ្រប់ផែនការសកម្មភាពទាំងអស់។ ជាពិសេសគឺដំណើរការសាងសង់ភូមិកីឡា នេះឲ្យបានទាន់ពេលវេលា ដើម្បីត្រៀមទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ ភូមិកីឡាត្រូវទទួលការស្នាក់នៅរបស់ប្រតិភូអត្តពលិកចន្លោះ ៦០០០ទៅ៧០០០នាក់។ ក្នុងដំណាច់ខែមករានេះ ទើបដំឡើងបានជាង ១៨៣០គ្រែ សម្រាប់ការស្នាក់នៅ ហើយនៅខែកុម្ភៈត្រូវទទួលជាង ២០០០គ្រែទៀត ហើយនៅចុងបញ្ចប់នាខែមីនាខាងមុខនឹងត្រូវទទួលសរុប ជាង ៦០០០គ្រែ សម្រាប់ការប្រកួតនៅភ្នំពេញ ដោយមានអត្តពលិកត្រូវហូបចុកស្នាក់នៅក្នុងភូមិកីឡាយ៉ាងតិចក៏មានចន្លោះ ៤០០០ទៅ ៥០០០នាក់ ក្នុង១ថ្ងៃ ខណៈចំនួនអត្តពលិកមួយចំនួនទៀតត្រូវស្នាក់នៅបណ្តាខេត្តគោលដៅមួយចំនួនតាមប្រភេទកីឡានីមួយៗ។

ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា ៖«ការទទួលរៀបចំស៊ីហ្គេម កន្លងមក មានប្រទេសខ្លះបានរៀបចំការស្នាក់នៅហូបចុកនៅតាមសណ្ឋាគារ។ ការរៀបចំបែបនេះ គឺមិនមែនជាកម្រិតការរៀបចំស្តង់ដាអូឡាំពិកនោះទេ។ ស្មារតីរបស់អូឡាំពិកអន្តរជាតិ គឺការស្នាក់នៅហូបចុករបស់អត្តពលិកអន្តរជាតិ គឺត្រូវតែស្ថិតនៅក្នុងភូមិកីឡា ដោយក្នុងភូមិកីឡានេះហើយ ដែលជាការបញ្ជាក់អំពីកិត្តិយស កិត្យានុភាពជាតិរបស់ម្ចាស់ផ្ទះ ដែលជាការយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាសុវត្ថិភាពរបស់ម្ចាស់ផ្ទះ។ នេះជាប្រវត្តិរបស់ស៊ីហ្គេម ហើយការត្រៀមរៀបចំរបស់ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម របស់ម្ចាស់ផ្ទះ កម្ពុជា គឺជាការផ្តល់ភាពកក់ក្តៅជាទីបំផុតជូនដល់ភ្ញៀវ ប្រតិភូកីឡា ល្អប្រសើរជាងម្ចាស់ផ្ទះ ស៊ីហ្គេម មុនៗមួយចំនួនទៅទៀត»។ នេះបើយោងតាមគេហទំព័រ Cambodia ២០២៣ ។ 

«ឯកឧត្តម វ៉ាត់ ចំរើន បានលើកឡើងប្រសាសន៍របស់សម្តេចពិជ័យសេនា ទៀ បាញ់ នៅក្នុងកិច្ចប្រជុំថា ពេលនេះជាពេលប្រកាសអាសន្ន ក្នុងការពន្លឿនលើគ្រប់ផែនការទាំងអស់ឲ្យបានរួចរាល់ និងទាន់ពេលវេលា។ យើងក៏ជឿជាក់លើការប្តេជ្ញាចិត្តខ្ពស់របស់ក្រុមហ៊ុនសាងសង់ថា នឹងសាងសង់ឲ្យបានរួចរាល់ នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ នឹងត្រូវរួចរាល់ ដើម្បីត្រៀមទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជាឲ្យទទួលបានជោគជ័យ»។ 

ភូមិកីឡាគឺជាផ្នែកមួយនៃបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោកំពុងដំណើរការសាងសង់យ៉ាងមមាញឹកលើផ្ទៃដីប្រមាណ ៨ហិចតា ត្រូវបានសិក្សាយ៉ាងល្អិតល្អន់ ដោយក្នុងនោះ មានខុនដូរសម្រាប់ការស្នាក់នៅ១២អគារ ស្មើនឹងជាង១.៣០០បន្ទប់ មានខុនដូរ ប្រភេទស្ទូឌីយ៉ូ១អគារ ស្មើនឹង ១៦៣បន្ទប់ កម្ពស់១៣ជាន់ ។ ក្រៅពីនេះ ក៏មានជាប្រភេទផ្ទះល្វែង ផ្ទះអាជីវកម្ម ផ្ទះវីឡា ផ្សារទំនើប សារមន្ទីរកីឡា ជាដើម។

បន្ទាប់ពី ការប្រកួត​​កីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ត្រូវបានបញ្ចប់ យើងមានជំនឿយ៉ាងមុតមាំថា “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” នឹងក្លាយជាតំបន់ពាណិជ្ជកម្មថ្មីសឡាងមួយទៀត នៃទីក្រុងនាគសម្តេចតេជោសែន នឹងផ្លាស់ប្តូរមុខមាត់តែស្រស់អស្ចារ្យ នឹងចូលរួមចំណែកលើកសម្រស់រាជធានីភ្នំពេញ ទៅជាទីក្រុងកីឡា និង ជាទីប្រជុំជនដែលមានទំនើបកម្មក្នុងតំបន់ជាក់ជាពុំខានឡើយ។ 

លោកអ្នកអាចស្វែងទិញ លក់ ជួលអចលនទ្រព្យ​ជាង៦មុឺន តាមរយៈគេហទំព័រ កម្មវិធីក្នុងទូរស័ព្ទ របស់ Harbor Property​ ដោយសេរីនិងឥតគិតថ្លៃ៕

អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងយើងខ្ញុំតាមរយៈ៖

Hotline: 096 7876 902 (Telegram)/ 066 886 633

WeChat: HB066886633

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស